(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលបាននិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី នោះ ត្រូវបាននគរបាលនាយកដ្ឋានប្រឆាំងភេវរកម្ម និងឧក្រិដ្ឋឆ្លងដែន បញ្ចប់ការសួរនាំហើយ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីត្រូវចាប់ខ្លូន កាលពីព្រឹកមិញ។
ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News មុននេះបន្តិចថា «យើងបានបញ្ចប់ការសួរនាំលើស្រ្តីរូបនេះហើយ និងអាចបញ្ជូនទៅតុលាការនៅល្ងាចនេះ បើសិនបញ្ចប់នីតិវីធីចប់»។ បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ការចាប់ខ្លួនស្រ្តីរូបនេះ បានធ្វើឡើងនៅចំណុចបេនរថយន្តក្រុង ជិតផ្សារនាគមាសកាលពីព្រឹកមិញ ខណៈជននេះត្រៀមឡើងជិះរថយន្តទៅកាន់លំនៅដ្ឋានវិញ ក្នុងក្រុងប៉ោយប៉ែត។
សូមបញ្ជាក់ថា ស្រ្តីដែលស្គាល់អត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានឲ្យដឹងថា ស្រ្តីសង្ស័យមានស្រុកកំណើតនៅរាជធានីភ្នំពេញ តែបច្ចុប្បន្នរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមិនទាន់មានប្តីនោះទេ៕