(ភ្នំពេញ)៖ ប្រជាកសិករនៅស្រុកកំពង់សៀម ភាគច្រើន បាននាំគ្នាសម្រុកប្រកបរបរដាំផ្សិតវិញ ដោយឃើញថារបរនេះមានភាព ងាយស្រួលដាំ ចំណាយតិច រីឯការចំណេញវិញ គឺទ្វេដង អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ គឺរបរនេះអាចទទួលបានផល យ៉ាងឆាប់រហ័ស។

អ្នកនាង ចាន់នី អ្នកដាំផ្សិតស្ថិតនៅក្នុងឃុំអូស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានថ្លែងប្រាប់សារព័ត៌មាន Fresh Newsថា «ពីមុនខ្ញុំគ្មានមុខរបរអ្វីនោះទេ ហើយជីវភាពក៏មិនល្អនោះដែរ តែដោយឃើញថា អ្នកជិត​ខាងភូមិផងរបងជាមួយគ្នា គេប្រកបមុខរបដាំផ្សិត ដូច្នេះខ្ញុំក៏សាកល្បងប្រកបមុខរបរនេះដែរ។ ដំបូងឡើយខ្ញុំបានចំណាយទុន អស់ប្រមាណ​ជាង៤០ម៉ឺនរៀល តែដាំជាលក្ខណៈទ្រងទ្រាយ តូចតែប៉ុណ្ណោះ បន្ទាប់ពីដាំខ្ញុំបានមើលឃើញថាផ្សិតនេះទទួលបានផលល្អ រីឯចំណូលក៏សមរម្យ ហេតុដូច្នេះហើយខ្ញុំក៏បានពង្រីករបរនេះ ឲ្យកាន់តែធំជាងមុន»

អ្នកនាងបន្ដទៀតថា របរនេះងាយស្រួលដាំចំណាយតិច អស់ត្រឹមតែ៤០ម៉ឺនរៀលជាដើមទុន ក៏អាចទិញមេដាំ និងទទួលផលបានល្អដែរ ហើយប្រាក់ចំណេញក៏ច្រើនថែមទៀត​ផង។  ផ្សិតមួយរង យើងអាចដកបានរហូតទៅដល់២០០គីឡូក្រាម និងដករហូតទៅដល់ពីរសប្ដាហ៍ នៅពេលទទួលផលលក់ចេញម្ដងៗ គឺបាន២-៣លានរៀលឯណ្ណោះ។

អ្នកនាង ចាន់នី បានបញ្ជាក់ទៀតថា «ខ្ញុំបានប្រកបរបនេះ អស់រយៈពេល៣ឆ្នាំហើយ តាំងពីឆ្នាំ២០១៤មកម្ល៉េះ របរនេះបានធ្វើឲ្យជីវភាពខ្ញុំ ល្អប្រសើរជាងមុន ពីមុនខ្ញុំមានជីវភាពខ្វះខាតច្រើន តែក្រោយពីប្រកបរបនេះ ទទួលបានចំណូលគួរសម។ ដំបូងឡើយខ្ញុំគ្រាន់តែ សាកល្បង ប្រកបមុខរបរនេះតែប៉ុណ្ណោះ ព្រោះថាមានអ្នកស្រុកភូមិជាច្រើនតែងតែនិយាយថា របរនេះមិនកាក់កប់នោះទេ ដាំទៅមិនដុះ អាចធ្វើឲ្យខាតដើមខាតចុងទៀតផង តែទោះជាយ៉ាងណាខ្ញុំនៅតែព្យាយាមដាំ ក្រោយពីដាំផ្សិត​នេះអស់រយៈពេល១ឆ្នាំកន្លងផុតទៅ ឃើញថារបរនេះទទួលបានលទ្ធផលល្អប្រសើឡើយៗ តាំងពីពេលនោះមកប្រជាពលរដ្ឋបាននាំគ្នា សម្រុកដាំផ្សិតនេះកាន់តែច្រើន ឡើងៗ»

សម្រាប់អ្នកប្រកបរបដាំផ្សិតផ្សិត គឺមានពេលទំនេរ ទទួលបានចំណូលច្រើន និងចំណាយតិច ហើយពេលទំនេរក្រៅពីការដាំផ្សិត ពួកគាត់អាច​ប្រកប​មុខរបរផ្សេងៗទៀតបាន ដូចជាធ្វើស្រែចំការ លក់ដូរ ដាំដំណាំផ្សេងៗជាច្រើនទៀត ព្រោះមុខរបរនេះមិនទាមទារឲ្យ មានការថែរក្សាដិតដល់នោះឡើយ។

នៅពេលផ្សិតឲ្យផល ប្រជាពលរដ្ឋទាំងអស់ នឹងលក់ជូនទៅដល់ អង្គការក្ដីសង្ឃឹមពិភពលោក ដែលអង្គការនេះបានណែនាំ បណ្ដុះបណ្ដាល ឲ្យប្រជាពលរដ្ឋ​ចេះដាំផ្សិត និងទទួលទិញផ្សិតទាំងអស់ នៅពេលដែលប្រជាពលរដ្ឋប្រមូលផល ដោយទិញក្នុងតម្លៃ ១២០០០រៀលក្នុងមួយគីឡូក្រោម តែមិនមែនកំណត់ថា ប្រជាពលរដ្ឋទាំងអស់ត្រូវ តែលក់ជូនអង្គការតែមួយប៉ុណ្ណោះទេប្រសិនបើមាន ឈ្មួញ​ណា​ ដែលចង់ទិញ គឺប្រជាពលរដ្ឋអាចមានសិទ្ធិលក់ជូនឈ្មួញទាំងអស់នោះបាន។ នេះបានតាមការបញ្ជាក់បន្ថែមរបស់ អ្នកនាង ចាន់នី៕