(ភ្នំពេញ)៖ ជារឿងមួយគួរឲ្យរីករាយ​មែន ចំពោះទស្សនិកជន ដែលពូកែតាមដានខ្សែ​ភាពយន្ដខ្មែរល្បីៗ ដោយពេលនេះ ពុំបាច់ចំណាយពេលទៅទស្សនាដល់រោងកុនទៀតទេ ពោលគឺ ទូរស្សន៍ថ្មីមួយ ដែលមានឈ្មោះថា «Town ​​​Full HD TV» បានប្រកាសថា នឹងចាក់ផ្សាយរឿងខ្មែរខ្នាតធំពីរគឺ រឿង «ស្បែកគង់» និងរឿង «ចន្រ្ទា» មកចាក់ផ្សាយ ឲ្យមហាជនទស្សនា​ ដោយឥតគិតថ្លៃ តាមរយៈកញ្ចក់ទូរទស្សន៍​របស់ខ្លួន។

ក្នុងការនាំយកខ្សែភាពយន្តខ្មែរ ខ្នាតធំទាំងពីរនេះ មកចាក់ផ្សាយជូនបងប្អូនគ្រប់ខេត្តក្រុង ទស្សនា ដោយឥតគិតថ្លៃនេះ នៅក្នុងស្ថានីយទូរទស្សន៍ «Town Full HD TV» នឹងចាក់ផ្សាយរឿង «ស្បែកគង់»នៅថ្ងៃទី២៤ ខែកក្កដា វេលាម៉ោង៧យប់ និង រឿង «ចន្រ្ទា» ចាក់ផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ម៉ោង៧យប់ដូចគ្នា។

ខ្សែភាពយន្តខ្មែរខ្នាតធំទាំងពីរ សុទ្ធតែបានចាក់បញ្ចាំងរកចំណូល នៅរោងភាពយន្តទំនើបៗរបស់បរទេស ហើយនេះក៏ជាមោទនភាពមួយ ក្នុងវិស័យសិល្បៈភាពយន្តខ្មែរ ផងដែរ។

គួរបញ្ជាក់ថា ក្នុងចំណោមទូរទស្សន៍ ក្នុងស្រុកប្រមាណជិត២០ស្ថានីយ ដោយមិនរាប់បញ្ចូល ទូរទស្សន៍ អនឡាញ ដោយស្ថានីយទូរទស្សន៍ «Town Full HD TV»ក៏នឹងនាំយកនូវ កម្មវិធីទូរទស្សន៍ល្បីៗ លើពិភពលោក រួមជាមួយខ្សែភាពយន្តល្បីៗ មកចែកជូន ជាចំណីចក្ខុ ដល់បងប្អូន ប្រជាពលរដ្ឋ បានទស្សនា ដោយសេរី។ ស្ថានីយទូរទស្សន៍ ថោន មានកម្មវិធីកំសាន្ត ដ៏សំបូរបែបជាច្រើនដទៃទៀត រៀបចំជាពិសេស តម្រូវចិត្តទស្សនិកជនខ្មែរ​យើង។

ជាចុងក្រោយ ក្រុមការងារក្នុងស្ថានីយទូរទស្សន៍ «Town Full HD TV» សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខ្មែរ នឹងជួយគាំទ្រការចាក់ផ្សាយរឿងទាំងពីរនេះ ឲ្យបានច្រើនកុះករ៕