(ភ្នំពេញ)៖ ក្រោយពីបានជូនដំណឹងណែនាំម្ដងហើយ ម្តងទៀត ពីអាជ្ញាធរខណ្ឌឫស្សីកែវ តែអ្នករកស៊ីមិនបានយល់នោះ «ពោលចំពោះអ្នកប្រកបរបរផ្ទាល់ខ្លួនផ្សេងៗ» នៅតែបន្តយកចិញ្ចើមផ្លូវ មកធ្វើអាជីវកម្មដដែលជាដដែល រហូតមកដលព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមការដឹកនាំពីអភិបាលរងខណ្ឌលោក ប្រាជ្ញ សីហា និងមានការបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌ បានចាត់វិធានការចុះរៀបចំសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ តាមដងផ្លូវសាធារណៈរបស់រដ្ឋ ចាប់ពីព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ ស្ថិតលើផ្លូវជាតិលេខ៥ កែងស្តុប ផ្លូវលេខ៦៨ ក្នុងសង្កាត់ទួលសង្កែ រហូតមកដល់ខាងមុខឃ្លាំងសាំងសូគីម៉ិច នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ប្រតិបត្តិការខាងលើនេះមានគោលបំណង ដើម្បីលុបបំបាត់ការយកចិញ្ចើមចំណីផ្លូវរបស់រដ្ឋ ទៅប្រកបអាជីវកម្មខុសច្បាប់ ហើយក្នុងការចុះអនុវត្តរៀបចំ សណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈនេះដែរ អាចប្រកបទៅបានដោយជោគជ័យ និងរលូនបានលុះត្រា តែមានការចូលរួមសហការពីប្រជាពលរដ្ឋ។
ការចាត់វិធានការចុះរៀបចំសណ្ដាប់ធ្នាប់ខាងលើនេះ ក្រោយមានការណែនាំជាច្រើនលើក ជាច្រើនសារ ដើម្បីជម្រុញឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករ កុំយកចិញ្ចើមផ្លូវមកដាក់តាំង ជាតូបលក់ដូរហៀរមកលើទ្រូងផ្លូវ ធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង។
ពាក់ព័ន្ធការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈនេះដែរ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានណែនាំបន្តឲ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងមន្ត្រីអនុវត្តច្បាប់ ដើម្បីដឹកនាំកម្លាំងចាត់វិធានការនេះ «ក៏ព្រោះតែកន្លងមកអាជ្ញាធរខណ្ឌ និងសង្កាត់ បានចេញសេចក្តីណែនាំជូនដំណឹងទៅដល់ក្រុមអាជីវករ ដោយធ្វើការចាក់មេក្រូតាមដងផ្លូវសាធារណៈ ទីប្រជុំជន និងតាមទីផ្សារជាដើម ក្នុងមូលដ្ឋាន ដើម្បីហាមប្រាមមិនឲ្យមានអាជីវករ អ្នករកស៊ីលក់ដូរផ្សេងៗ យកចិញ្ចើមផ្លូវមកប្រើប្រាស់ និងបិតផ្សាយពាណិជ្ជកម្មបានឡើយ ព្រោះជាសម្បត្តិរបស់រដ្ឋនិងដើម្បីអនុវត្តតាមគោលការណែនាំ របស់សាលារាជធានីភ្នំពេញ ក៏ដូចជា អនុក្រឹតរបស់រាជរដ្ឋាភិបាល»។
យ៉ាងណាក៏ដោយ ក្រោយចេញសេចក្ដីជូនដំណឹង បែជាក្រុមអាជីវករនៅតែបន្តបំពាន មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ដោយបន្តដាក់លក់ទំនិញលើកផ្លូវ បង្កការកក់ស្ទះ និងធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង និងសណ្តាប់ធ្នាប់សាធារណៈ ទើបមានការចុះរៀបចំ ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ ទៅលើអ្នកលក់ដូរ រកស៊ី ជាអាជីវករ ដែលមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចទេនោះ ប្រាកដជាត្រូវប្រឈម និងវិធានការរដ្ឋបាលតាមផ្លូវច្បាប់មិនខាន ដោយមិនទទួលខុសត្រូវលើការខូចខាតសម្ភារ ឫបាត់បង់ទ្រព្យសម្បត្តិឡើយ៕