(កំពង់ឆ្នាំង)៖ បន្ទាប់ពីប្រទេសរបស់ខ្លួន រងទុក្ខបុកម្នេញដោយភ្លើងសង្គ្រាមឈ្លានពានយ៉ាងធ្ងន់ធ្ងរនោះ មន្ត្រីសកម្មភាពកំចាត់មីនអ៉ីរ៉ាក់ ចំនួន២៧រូប ដែលភាគច្រើនស្ទើរតែ១០០ភាគរយ ជាទាហានរបស់អ៉ីរ៉ាក់ បាននិងកំពុងហ្វឹកហ្វឺន ពីជំនាញដោះមីននៅកម្ពុជា នាវិទ្យាស្ថាន បច្ចេកទេសសកម្មភាពកំចាត់មីន ស៉ីម៉ាក់ នៅក្នុងខេត្តកំពង់ឆ្នាំង។

មន្ត្រីស៉ីម៉ាក់បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី១២ ខែកក្កដានេះថា ការហ្វឹកហ្វឺនជំនាញដោះមីនជូនដល់ទាហានអ៉ីរ៉ាក់នេះ មានរយៈពេលប្រមាណ២០ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដែលត្រូវហ្វឹកហ្វឹងនៅទីតាំង ដែលទី១៖ សិក្សានៅ វិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង, ទី២៖ សិក្សាពីការអនុវត្តន៍ការដោះមីន នៅខេត្តបាត់ដំបង និងទី៣៖ បន្តសិក្សា នៅជំនាញបច្ចេកទេសដោះមីន នៅខេត្តកំពង់ចាម។

មន្ត្រីស៉ីម៉ាក់ដដែលរូបនេះ បានបញ្ជាក់ទៀតថា ការមកហ្វឹកហ្វឺន និងចែករំលែកបទពិសោធន៍​ ដើម្បីពន្លឿនល្បឿនដោះស្រាយវិបត្តិក្រោយ សង្គ្រាមនៅប្រទេសអ៉ីរ៉ាក់នេះ​ ទទួលបានការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុន​ តាមរយៈទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិជប៉ុន​(JICA)។

ក្រោយពេលទាហានអ៉ីរ៉ាក់ មកទទួលការហ្វឹកហ្វឺននៅកម្ពុជា, នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានបង្ហោះអំពីប្រវត្តិប្រទេសអ៉ីរ៉ាក់ នៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា​៖

សូមជ្រាបព័ត៌មានសង្ខេបអំពីប្រទេស និងប្រជាជនអ៉ីរ៉ាក់​៖​ អ៉ីរ៉ាក់ស្ថិតនៅតំបន់អាស៉ីខាងលិច​ មានផ្ទៃដី​ ៤៣៧​,០៧២​គីឡម៉ែត្រក្រឡា​ មានប្រជាជនសរុបជាង៣៨លាននាក់ មានចំណូលមធ្យម១៦,៥៥០ដុល្លារម្នាក់/មួយឆ្នាំ​ (ឆ្នាំ២០១៧)

សង្គ្រាមឆាបឆេះឡើងនៅថ្ងៃទី២០​ ខែមិនា​ ឆ្នាំ២០០៣ ដោយឈ្លា​នពានចូលទឹកដីអ៉ីរ៉ាក់ ដឹកនាំដោយសហរដ្ឋអាមេរិក​ ក្រោមមូលហេតុ ចោទប្រកាន់ថា អ៉ីរ៉ាក់មានផលិតអាវុធប្រល័យលោក​ តែក្រោយមករកមិនឃើញអាវុធប្រល័យលោក ដូចបានចោទប្រកាន់ឡើយ។ សង្គ្រាមឈ្លានពាននេះ​ មានរយៈពេល៨ឆ្នាំ៨ខែ និង២៨ថ្ងៃ​ (២០ ​មិនា ២០០៣-១៨ ​ធ្នូ ២០១១)​។

សង្គ្រាមបានឆ្លងចូល ជាសង្គ្រាមស៉ីវិល និងសង្គ្រាមសាសនាផ្ទៃក្នុង និងអន្តរជាតិ​ ក្នុងការបង្កើតរដ្ឋអ៉ីស្លាម​ (ISIS)។​ សង្គ្រាមជិត១៥ឆ្នាំ មកនេះ​ បានធ្វើឲ្យប្រទេសអាស៉ីមួយនេះ ​ក្លាយជាផេះផង់​ សមុទ្រឈាម និងទឹកភែ្នកដែលមានមនុស្សស្លាប់ប្រមាណ៥០០,០០០នាក់។ ក្តីសង្ឃឹ​មនៃពន្លឺសន្តិភាពពេញលេញ ស្ថិតនៅវែងឆ្ងាយ​ ក្នុងនោះមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ច្រើនអនេក ស្ថិតនៅគំរាម កំហែងអាយុជីវិតប្រជាជនអ៉ីរ៉ាក់រាល់ថ្ងៃ៕