(ភ្នំពេញ)៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរអន្ដរជាតិ ចក្រភពខ្មែរ (Full Marathon) ចម្ងាយ ៤២គីឡូម៉ែត្រ ១៩៥ម៉ែត្រ នឹងបន្ដរៀបចំជាលើកទី៤ នៅថ្ងៃទី៦ ខែសីហាខាងមុខ ខណៈបច្ចុប្បន្នមានភ្ញៀវជាតិ និងអន្ដរជាតិប្រមាណជិត ៣,៥០០នាក់ហើយបានចុះឈ្មោះចូលរួម ក្នុងនោះមានអត្តពលិកចិនច្រើនជាងគេ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ពេលនេះគណៈកម្មការបានទទួលពាក្យអ្នកចុះឈ្មោះជិត ៣,៥០០នាក់ ក្នុងនោះមានប្រជាជនខ្មែរចំនួន ១,៧៥៥នាក់ និងបរទេស ១,៥០០នាក់ ដែលមកពី ៥១ប្រទេសលើពិភពលោក។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះភ្ញៀវបរទេសចូលរួមរត់ប្រណាំងម៉ារ៉ាតុងអង្គរអន្ដរជាតិ-ចក្រភពខ្មែរឆ្នាំនេះ គឺមានកំណើនប្រជាជនចិនច្រើនជាងគេ ដល់ទៅជាង ៦០០នាក់ឯណោះ។
ជុំវិញកំណើនភ្ញៀវទេសចរចិននេះដែរ លោកបានចាត់ទុកនេះគឺជាជោគជ័យថ្មីមួយទៀត សម្រាប់គណៈកម្មការរៀបចំ ។ លោកបញ្ជាក់ថា «ដោយសារមានការផ្សព្វផ្សាយទៅទីផ្សារចិនច្រើនជាងគេ ទើបមានការទាក់ទាញប្រជាជនចិន មកចូលរួមរត់ Full Marathon ច្រើនជាងគេដែរ។ ប៉ុន្ដែនេះគឺជាយុទ្ធសាស្ដ្ររបស់ក្រសួងទេសចរណ៍ ដែលមានទិសដៅទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន ២០លាននាក់ នៅឆ្នាំ២០២០។ ដូច្នេះក្រសួងទេសចរណ៍ ក៏បានជំរុញឲ្យរៀបចំព្រឹត្តិការណ៍កីឡា ដើម្បីទាក់ទាញភ្ញៀវទេសចរចិននេះផងដែរ»។
យ៉ាងណាមិញ ចំនួនអ្នកចូលរួមរត់ Full Marathon នៅកម្ពុជាបច្ចុប្បន្ន នៅមិនទាន់ចាត់ទុកជាជោគជ័យ ដែលគណៈកម្មការបានកំណត់គោលដៅចង់បាននោះទេ ព្រោះកម្ពុជាទើបតែបង្កើតព្រឹត្តិការណ៍អន្ដរជាតិនេះ។ ប៉ុន្ដែបើធៀបនឹងការរៀបចំទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ដែលមានរយៈពេលជាង ២០ឆ្នាំវិញ ទើបតែ ៣ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលមានកំណើនអ្នកចូលរួមជិត ១ម៉ឺននាក់។ ហេតុនេះ NOCC រំពឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរអន្ដរជាតិ-ចក្រភពខ្មែរនេះ ក៏នឹងទទួលបានផ្លែផ្កានាពេលអនាគតដូចគ្នា។ លោក វ៉ាត់ ចំរើន បន្ថែម។
ចំពោះគោលបំណងរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរអន្ដរជាតិ-ចក្រភពខ្មែរ គឺមាន ៣សំខាន់ ទី១៖ រៀបចំក្នុងដំណាក់កាលបៃតង់ ឬតំណាក់កាលភ្លៀង ដែលធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះ ពិសេសនៅតំបន់សៀមរាប ដើម្បីទាញភ្ញៀវទេសចរ នឹងរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ និងអាជីវកររស់នៅសៀមផ្ទាល់។ ទី២៖ ដើម្បីផ្សាភ្ជាប់ជាមួយសកម្មភាពមនុស្សធម៌ និងទី៣៖ បំផុសឲ្យយុវជនចូលរួមថែរក្សាបរិស្ថានស្អាតផងដែរ៕