(ភ្នំពេញ)៖ លោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌ តំណាងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ចុះបើកការដ្ឋានស្ថាបនាជួសជុលផ្លូវបេតុងឆ្អឹងដែក១ខ្សែ ដែលមានបណ្ដោយ៦៨៦ម៉ែត្រ ទទឹង៥ម៉ែត្រ សរុប៣,៤៣០ ម៉ែត្រការ៉រ និងមានកម្រាស់១៥សង់ទីម៉ែត្រ និងជួសជុលលូជ្រុងតូចឡើងវិញ «ឥដ្ឋតាន់» ដែលមានបណ្ដោយ៦៩១ម៉ែត្រ មានមុចកាត់ ៣០សង់ទីម៉ែត្រ ចាប់ពីព្រែកយាយអ៊ាត រហូតទៅដល់ព្រែកទី២ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ដោយប្រើប្រាស់ថវិកាមូលនិធិ ខណ្ឌឆ្នាំ២០១៧។
ពិធីបើកការដ្ឋានក្នុងការស្ថាបនាជួសជុលផ្លូវបេតុង និងបណ្ដាញលូនេះដែរ ក៏មានការចូលរួមពីលោក កៅ សារ៉ាវុធ នាយករដ្ឋបាលខណ្ឌ មន្ត្រីសាលាខណ្ឌ-សង្កាត់ និងប្រជាពលរដ្ឋជាង១០០នាក់ផងដែរ។
លោក ឡេង រ៉ាវង្ស បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ពិតជាមានគម្រោងចង់បាន ដោយធ្វើយ៉ាងណា ដើម្បីកែប្រែផ្លូវដីមួយចំនួន នៅតាមសង្កាត់នីមួយៗ ឲ្យទៅជាផ្លូវបេតុង និងដាក់ទាំង ប្រព័ន្ធលូរំដោះទឹក ក្នុងការបញ្ជៀសពីការលិចលង់ពីជុំនន់ទឹកភ្លៀង សម្រាប់មូលដ្ឋានខណ្ឌជ្រោយចង្វារទាំងមូល។
បើតាមអភិបាលរងខណ្ឌរូបនេះ កត្តាទាំងនេះបំពេញទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ មានទាំងភាពងាយស្រួលធ្វើដំណើរ និងអាចកាត់បន្ថយនូវការកកស្ទះចរាចរជាដើម ពិសេសផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដ៏មានសារៈសំខាន់បំផុត ហើយក្នុងមួយឆ្នាំៗសាលារាជធានីភ្នំពេញ បានផ្ដល់កញ្ចប់ថវិកាយ៉ាងច្រើនមកសាលាខណ្ឌ ដើម្បីធ្វើការសិក្សាលើគម្រោងដែលមានជាអទិភាព ក្នុងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ៕