(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី៤ ស្តីពីការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ ហើយតាមគម្រោងកម្មវិធីលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើជាសហប្រធាននៃសិក្ខាសាលាពិគ្រោះយោបល់នេះ។
សិក្ខាសាលាខាងលើ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច ក្រសួងអប់រំ ព្រមទាំងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវអ្នកសារព័ត៌មាន គ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងនាយកសាលា គ្រូបង្រៀនឆ្នើម និងមន្រ្តីអប់រំមកពីបណ្តា ខេត្តមួយចំនួនផងដែរ។
គោលបំណងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ នៅឆ្នាំ២០១៧នេះ គឺធ្វើការពិនិត្យឡើងវិញនូវវឌ្ឍនភាព សមិទ្ធកម្ម និងកំណត់បញ្ហាប្រឈមនានាក្នុងវិស័យអប់រំ ព្រមទាំងធ្វើការវិភាគសែ្វងរកនូវជម្រើស នៃដំណោះស្រាយដែលល្អបំផុតសម្រាប់កម្ពុជា ហើយរួមគ្នាកំណត់សកម្មភាពអាទិភាព និងសម្រួចអាទិភាពគោលនយោបាយ ជាមួយនឹងការរៀបចំថវិកា ឆ្នាំ២០១៨ ក្នុងគោលដៅធ្វើការបែងចែកធនធាន ឱ្យកាន់តែចំមុខ និងកាន់តែមានប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃប្រតិបត្តិការចំណាយនៅពេលអនុវត្តផងដែរ។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបាន បាននិងកំពុងបន្តផ្តល់ការយកចិត្តទុកដាក់ដល់ការដំឡើងចំណាយថវិកា សម្រាប់វិស័យអប់រំបន្តបន្ទាប់ ពិសេសនៅក្នុងរយៈពេល៤ឆ្នាំ ចុងក្រោយនេះ។
ជាក់ស្តែងបើគិតពីទំហំទឹកប្រាក់វិញ គឺថវិការបស់ក្រសួងអប់រំត្រូវបានបង្កើនពី១,០៨៤,៥៨០លានរៀល ដែលសមមូលប្រមាណ២៦៩លានដុល្លារ នៅក្នុងឆ្នាំ២០១៣ ឡើងដល់ ២,៧៣៩,៩១៣លានរៀល ដែលសមមូលប្រមាណ៦៧៧លានដុល្លារ នៅឆ្នាំ២០១៧។
បើគិតពីសមាមាត្រធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) វិញ គឺទំហំថវិការបស់ក្រសួងត្រូវបានបង្កើនពី ១.៧៧% នៃ GDP នៅឆ្នាំ២០១៣ ឡើងដល់ ៣.០៨% នៃ GDP នៅឆ្នាំ២០១៧ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងប្រទេសក្នុងតំបន់។ បើគិតពីចំណែកនៃថវិការបស់ក្រសួងអប់រំ ធៀបនឹងចំណាយចរន្តថ្នាក់ជាតិវិញ គឺបានកើនឡើងពី ១៤.៥% នៅឆ្នាំ២០១៣ ដល់ ១៨.៣% នៅឆ្នាំ២០១៧៕