(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូនសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជូនទៅគណៈកម្មការទី៦ព្រឹទ្ធសភា ឲ្យពិនិត្យ និងសិក្សាជាប្រញាប់ មុននិងយកទៅប្រជុំអនុម័តក្នុងកិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភា។

ការសម្រេចនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា បានឲ្យដឹងថា បន្ទាប់ពីបានស្ដាប់លោក ឡោក ឆាយ អគ្គលេខាធិការស្ដីទីព្រឹទ្ធសភារាយការណ៍អំពីសំណើរបស់រដ្ឋសភាសុំឲ្យព្រឹទ្ធសភាពិនិត្យ និងឲ្យយោបល់ដោយចាត់ទុកជាការប្រញាប់ លើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្ស នយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដោយមានភ្ជាប់មកជាមួយសេចក្ដីថ្លែងហេតុរបស់រដ្ឋសភា ស្របតាមមាត្រា១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ និងនីតិវិធីកំណត់ក្នុងប្រការ៣២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ហើយសេចក្ដីស្នើច្បាប់នេះ ស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា។

ក្រោយពីបានស្ដាប់មតិពិភាក្សាផ្ដល់យោបល់របស់អង្គប្រជុំរួចមក អង្គប្រជុំបានអនុម័តចំនួន ៨សម្លេង នៃសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា «យល់ព្រមលើទម្រង់ នៃសេចក្ដីស្នើច្បាប់ និងប្រគល់ភារកិច្ចជូនគណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់»។

សូមបញ្ជាក់ថា វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចំនួន ៥មាត្រា ត្រូវបានសាមជិករដ្ឋសភាអនុម័តរួចរាល់ក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភាកាលពីថ្ងៃចន្ទ ទី១០ ខែកក្កដា ដើមសប្តាហ៍នេះ។ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះ ត្រូវបានកែប្រែចំនួន ៥មាត្រា ក្នុងនោះមាត្រា ៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី (សួន)។ មាត្រា៦ ថ្មី(ពីរ) ដែលកែប្រែឡើងវិញនេះ បានកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយទាំងអស់ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស បទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ឱ្យធ្វើ សកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ផងដែរ។

ច្បាប់ស្តីពីគណបក្សនយោបាយដែលធ្វើវិសោធនកម្មថ្មីនេះ មានការកំណត់តឹងរឹងជាងមុន ដោយមិនឲ្យទណ្ឌិត ដែលមានទោសឧក្រិដ្ឋ ឬមជ្ឈឹម មានសិទ្ធិធ្វើសកម្មភាពនយោបាយជាមួយគណបក្សនយោបាយនោះឡើយ ទោះក្នុងរូបភាពណាក៏ដោយ៕