(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលបាននិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសួរនាំហើយនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ។
ស្រ្តីដែលស្គាល់អត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។
ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពព័ត៌មាននៅព្រឹកថ្ងៃនេះថា ស្រ្តីរូបនេះត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងសួរចម្លើយ៕