(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានថ្លែងជំរុញដល់មន្ត្រីសុខាភិបាលទាំងអស់ ខិតខំធ្វើការកែលំអរ នូវចំនុចខ្វះខាតខ្លះៗដែលមាន ដើម្បីរួមចំណែកពង្រឹងសេវាសុខាភិបាល ឲ្យកាន់តែឈានទៅរកគុណភាព និងជួយពិនិត្យព្យាបាល អ្នកជំងឺឲ្យកាន់តែប្រសើរជាងមុនបន្ថែមទៀត ។
លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបែបនេះ ក្នុងឱកាស បើកសិក្ខាសាលា បណ្តុះបណ្តាល ស្តីពី សុខភាពផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន ជូនដល់គិលានុបដ្ឋាក-យិកាវគ្គទី ១ ម៉ូឌុល ១ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម ដែលមានសិក្ខាកាមចូលរួម មកពីខេត្តចំនួន៤ គឺខេត្ត កំពង់ចាម៣៦នាក់ ខេត្តក្រចេះ៦នាក់ ខេត្តព្រៃវែង៤នាក់ និងខេត្តមណ្ឌលគីរី ២នាក់ ព្រមទាំងគ្រូសំរបសំរួល និងគ្រូឧទ្ទេសនាមមកពីថ្នាក់ជាតិផងដែរ។
បណ្តុះបណ្តាលបន្ថែម ដល់គ្រូពេទ្យ នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: លើការងារផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺផ្លូវចិត្ត និងញៀនគ្រឿងញៀន។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា « ដើម្បីពង្រឹងសេវាសុខភាព បម្រើប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ យើងត្រូវបណ្តុះបណ្តាលថ្មី ស្តីពីសុខភាពផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន ដល់បុគ្គលិកសុខាភិបាល ជាការចាំបាច់ និងមិនអាចខ្វះបាន ដើម្បីពង្រីកសេវាពិនិត្យ និងព្យាបាល នៅតាមមូលដ្ឋានសុខភាពសាធារណៈ នៅតាមបណ្តាខេត្តទូទាំងប្រទេស ដើម្បីផ្តល់ចំណេះដឹង និងជំនាញថ្មី ដល់បុគ្គលិកសុខាភិបាល ស្តីពីបញ្ហាសុខភាពផ្លូវចិត្ត និងការញៀនគ្រឿងញៀន ក្នុងការពង្រីកសេវាព្យាបាល ថែទាំអ្នកជំងឺផ្លូវចិត្ត និងអ្នកញៀនគ្រឿងញៀន នៅតាមមូលដ្ឋានសុខភាពសាធារណៈ»។
លោកស្រីវេជ្ជបណ្ឌិត ក៏បានលើកឡើងផងដែរថា ការងារសុខភាពផ្លូវចិត្ត និងគ្រឿងញៀន គឺជាអាទិភាពថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រលើកទី១ ដំណាក់កាលទី១នេះ ជាពិសេសក្រសួងសុខា ភិបាល បានចូលរួមចំណែកអនុវត្តន៌យ៉ាងសកម្មលើការងារនេះផងដែរ។ ដូច្នេះ ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រី ជាការចាំបាច់ ដើម្បីឈានទៅរកការអភិវឌ្ឍសេវាឱ្យបានទូលំទូលាយ និងផ្តល់សេវាប្រកបដោយគុណភាព។
លោកស្រីវេជ្ជបណ្ឌិត បានថ្លែងទៀតថា បច្ចុប្បន្នការងារព្យាបាល ថែទាំ អ្នកជំងឺផ្លូវចិត្ត និងអ្នកញៀនគ្រឿងញៀនត្រូវបានទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ហើយក្រសួងសុខាភិបាល ជាពិសេស លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេងបានជំរុញ ឲ្យធ្វើការពង្រីកសេវាព្យាបាលនេះ ឲ្យបានទូលំទូលាយ នៅលើផ្ទៃប្រទេស ដើម្បីគាំទ្រ លើការអនុវត្តការងារ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ របស់រាជរដ្ឋាភិបាលផងដែរ ដើម្បីឆ្លើយតប ទៅនឹងយុទ្ធនាការ របស់រាជរដ្ឋាភិបាល និងតម្រូវការដ៏ធំធេងនេះ ក្រសួងសុខាភិបាល នឹងបន្តគាំទ្រ ឲ្យមានការបណ្តុះបណ្តាលថែមទៀត ជូនដល់មន្ត្រីថ្មីៗ ឲ្យពួកគាត់ ត្រឡប់ទៅជួយផ្តល់សេវាផ្នែកនេះ នៅតាមមូលដ្ឋានដែលពួកគាត់កំពុងបំពេញការងារ។
ក្នុងឆមាសទី១ ឆ្នាំ២០១៧ ក្រសួងសុខាភិបាល បានពង្រីកសេវាព្យាបាលសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ចំនួន១១១ សេវាថែមទៀត (ក្នុងឆ្នាំ២០១៦ មាន ១៧៧ទីតាំង)។
ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានគូសបញ្ជាក់បន្ថែមថា ដើម្បីឲ្យការព្យាបាល ប្រកបដោយគុណភាព និងទទួលបានការទទួលស្គាល់ ពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការផ្តល់សេវា ប្រកបដោយក្រមសិលធម៌វិជ្ជាជីវៈសុខាភិបាល ជាពិសេសក្រមសីលធម៌វិជ្ជាជីវៈព្យាបាលអ្នកជំងឺផ្លូវចិត្ត និងអ្នកមកទទួលសេវាបន្សាបគ្រឿងញៀន និងបានសុំឲ្យបញ្ចូលក្រមសីលធ៌មវិជ្ជាជីវៈពេទ្យ ទៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ ពាក្យថា «ពេទ្យ» វាបានបង្កប់នូវ សីលធម៌ និងសុជីវធម៌ រួចជាស្រេចហើយពិសេស «ពេទ្យ» ត្រូវប្រកាន់ភ្ជាប់ នូវក្រមសីលធម៌ ក្នុងការប្រកបរបរវិជ្ជាជីវៈពេទ្យនេះ។ ចំណែកឯការប្រាស្រ័យទំនាក់ទំនងរវាងគ្រូពេទ្យព្យាបាល និងអ្នកជំងឺ ត្រូវតែពង្រឹងឲ្យបាន ព្រោះនេះជាតម្លៃមួយរបស់វិជ្ជាជីវៈ និងជាចំនុចចាប់ផ្តើម ដើម្បីឈានទៅរកគុណភាព នៃការថែទាំ និងព្យាបាល ហើយក្រសួងសុខាភិបាល កំពុងតែយកចិត្តទុកដាក់ ធ្វើកំណែទម្រង់ តាមមណ្ឌលសុខភាព នៅទូទាំងរាជធានី-ខេត្តក្នុងឆ្នាំ២០១៧នេះ៕