(កណ្ដាល)៖ លោកឧកញ៉ាស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន 7NG នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារ ចុះបើកការដ្ឋានស្ថាបនា ជួសជុលផ្លូវ១ខ្សែ ប្រវែងជាង២,៣០០ម៉ែត្រ ដែលត្រូវប្រើប្រាស់អស់ថវិកាប្រមាណ ជាង៤ម៉ឺនដុល្លារ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការធ្វើដំណើរ។
នៅក្នុងការចុះបើកការដ្ឋានស្ថាបនាជួសជុលផ្លូវ១ខ្សែនេះ គឺបានធ្វើឡើងស្ថិតនៅក្នុងចំណុចភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួន និងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។
ក្នុងពិធីបើកការដ្ឋានខាងលើនេះ លោកឧកញ៉ា ស្រី ចាន់ថន បានលើកឡើងថា ក្នុងការមកចុះធ្វើផ្លូវមួយខ្សែនេះ ដោយសារតែឃើញថា មួយរយៈនេះ មានការធ្លាក់ភ្លៀងច្រើន ក៏បណ្ដាលឲ្យផ្លូវមួយខ្សែនេះ មានសភាពខូតខាត និងធ្វើឲ្យប្រជាពលរដ្ឋដែលត្រូវឆ្លងកាត់ផ្លូវនេះ មានការលំបាកក្នុងការធ្វើដំណើរ។
លោកឧកញ៉ាបានបញ្ជាក់ទៀតថា «ព្រោះថាផ្លូវមួយខ្សែនេះ មានម៉ូតូ ឡាន ធ្វើដំណើរច្រើន ទើបក្រុមហ៊ុន 7NG ក៏បានយល់ស្របតាមការស្នើសុំ ពីលោកមេភូមិព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មកធ្វើការចុះជួសជុលផ្លូវមួយខ្សែនេះ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ មានការងាយស្រួលក្នុងការធ្វើដំណើរ»។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះ អាចធ្វើការឆ្លងកាត់ ទៅខេត្តកំពង់ចាម ព្រៃវែង ស្វាយវៀង ក្រចេះ ស្ទឹងត្រែង ដែលអាចធ្វើឲ្យអ្នកដំណើរចំណេញពេលវេលា៕