(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសាររព័ត៌មានកម្ពុជា (ស.ស.ស.ក) ក្លាយជាអនុប្រធានវេទិកាសារព័ត៌មាន ICAPP ហើយតួនាទីនេះ ត្រូវបានវាយតម្លៃថា មានអត្ថប្រយោជន៍ធំធេង៣យ៉ាង៖
ទី១- លើកទង់ជាតិកម្ពុជា នៅថ្នាក់តំបន់អាស៊ីនិងអឺរ៉ុបជាមួយបណ្តាប្រទេសចំនួន២៣ដែលជាសមាជិក ICAPP។
ទី២- បង្ហាញថា ថ្នាក់តំបន់ទទួលស្គាល់សមត្ថភាពនិងលទ្ធភាពរបស់តំណាងសារព័ត៌មានវ័យក្មេងកម្ពុជា ក្នុងការរួមចំណែកដឹកនាំតម្រង់ទិសវិស័យសារព័ត៌មានក្នុងការពង្រីកលំហរសេរីភាព និងពង្រឹងដំណើរការប្រជាធិបតេយ្យនៅតាមបណ្តាប្រទេសជាសមាជិក ICAPP
ទី៣- ជាឱកាសដែលអ្នកសារព័ត៌មាន មានលទ្ធភាពធ្វើការងារក្នុងភាពជាដៃគូជាមួយគណបក្សនយោបាយជាប់ឆ្នោតនិងគណបក្សនយោបាយកំពុងកាន់អំណាច នៃបណ្តាប្រទេសជាសមាជិក ICAPP ក្នុងការចែករំលែកទស្សនវិស័យ និងពង្រីកកិច្ចសហការលើការផ្តល់ព័ត៌មាន ដើម្បីពង្រឹងគុណភាពការគិតរបស់ប្រជាជន និងក្នុងការពង្រឹងដំណើរការប្រជាធិបតេយ្យទាំងនៅទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប។
ក្នុងតួនាទីជាអនុប្រធានវេទិកាសារព័ត៌មាន ICAPP លោក ហ៊ុយ វណ្ណៈ ត្រូវបានអញ្ជើញឲ្យឡើងថ្លែងសុន្ទរកថាបិទកិច្ចប្រជុំវេទិកាសារព័ត៌មានស្តីអំពី «តួនាទីសារព័ត៌មានក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងតួនាទីសារព័ត៌មានក្នុងការចូលរួមពង្រឹងសហគមន៍ប្រជាជាតិអាស៊ី»។
សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ICAPP ឬភាសាអង់គ្លេស ហៅថា International Conference of Asia Political Parties មានសមាជិកចំនួន៣៥៨ គណបក្សមកពី៥៣ប្រទេស នៅអាស៊ី។ សមាជិកអចិន្ត្រៃយ៍របស់ ICAPP គឺមាន ៣៤គណបក្សនយោបាយមកពី២៣ប្រទេស។
នៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា មានតួនាទីជាអនុប្រធានអចិន្ត្រៃយ៍ ICAPP, ជាប្រធានក្រុមប្រឹក្សាវប្បធម៌ ICAPP, និងជាសហប្រធានវេទិកានយោបាយអាស៊ី-អឺរ៉ុប៕