(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើលិខិតឆ្លើយតបចំពោះម្ចាស់ Facebook ម្នាក់ ឈ្មោះ «ឡាយ សុវណ្ណ» បន្ទាប់ពីម្ចាស់ Facebook រូបនេះ បានបង្ហោះសាររិះគន់អគ្គិសនីកម្ពុជា «បញ្ចុះតម្លៃភ្លើងឲ្យថោក តម្លើងគីឡូដើរលឿន នេះជារបៀបលួចភ្លើង លួចលុយសម័យថ្មីរបស់មេភ្លើង» ប៉ុន្តែត្រូវបានអគ្គិសនីកម្ពុជាឆ្លើយតបវិញថា «ជារឿងមិនពិត សរសេរដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានការទទួលខុសត្រូវ ដែលជាការបិហារកេរ្តិ៍ និងញុះញ៉ុងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស់ និងសេចក្តីថ្លៃថ្នូរបស់អគ្គិសនីកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាផងដែរ»។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីមានករណីនេះ ក្រុមជំនាញបច្ចេកទេសអគ្គិសនីកម្ពុជា សាខាអូរបែកក្អម បានចុះទៅដល់ទីតាំងផ្ទះរបស់លោក ឡាយ សុវណ្ណ ដោយបានពិនិត្យឃើញថា៖
* បន្ទប់ជួលទាំង៩បន្ទប់របស់លោក បានយកថ្លៃភ្លើង១៥០០រៀលក្នុងមួយគីឡូវ៉ាត់ ដែលជាការធ្វើអាជីវកម្មលក់ភ្លើងខុសច្បាប់ ខុសពីគោលការណ៍អគ្គិសនីកម្ពុជា និងខុសបទបញ្ញត្តិរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ហើយទាក់ទងនឹងបញ្ហានេះ អគ្គិសនីកម្ពុជា មិនទាន់ចាត់វិធានការផាកពិន័យ និងចាត់វិធានការតាមច្បាប់នៅឡើយទេ។
* ការចុះពិនិត្យ ប្រព័ន្ធនាឡិកាស្ទង់របស់លោក ឡាយ សុវណ្ណ ឃើញថាត្រឹមត្រូវ និងមានការដោះស្រាយដោយផ្ទាល់ នៅក្នុងផ្ទះមេភូមិចំការឪឡឹក ហើយលោក ឡាយ សុវណ្ណ បានសន្យាចំពោះមុខមេភូមិថា នឹងធ្វើការកែតម្រូវឡើងវិញ។
អគ្គិសនីកម្ពុជា បានសង្គត់ធ្ងន់ថា «ចំពោះករណីនេះ អគ្គិសនីកម្ពុជា ទុកពេលឲ្យលោក (ឡាយ សុវណ្ណ) ធ្វើការកែតម្រូវត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ប្រសិនបើមិនមានការអនុវត្តនោះទេ អគ្គិសនីកម្ពុជាសូមរក្សា សិទ្ធិចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន រាប់ទាំងការផ្អាកចរន្តកំពុងប្រើប្រាស់របស់លោក ជាបណ្តោះអាសន្ន រហូតដល់ការងារនេះត្រូវបានដោះស្រាយរួចរាល់»៕