(ភ្នំពេញ)៖ នៅម៉ោង ៤៖១០នាទីទៀបភ្លឺថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ គឺជាខួប ៤ឆ្នាំហើយ នៃមរណភាពលោកឪពុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺព្រឹទ្ធាចារ្យ ហ៊ុន នាង (១២ កក្កដា ២០១៣-១២ កក្កដា ២០១៧)។
មុនការឈានមកដល់ខួប ៤ឆ្នាំនៃមរណភាពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន នាង សម្តេចតេជោ ហ៊ុន សែន ដែលជាកូនប្រុសបានរំលឹកភាពសោកសៅ និងអនុស្សាវរីយ៍ជូរចត់ជាច្រើនរវាងសម្តេច និងក្រុមគ្រួសារ ជាពិសេសជាមួយលោកឪពុករបស់សម្តេច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនៅព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះថា «ថ្ងៃ ១២ កក្កដា ស្អែកនេះត្រូវជាខួប៤ឆ្នាំនៃមរណះភាពរបស់ឪពុកខ្ញុំ (១២ កក្កដា ២០១៣ - ១២ កក្កដា២០១៧)។ ដំណក់ទឹកភ្នែករបស់កូនប្រុសស្រី ចៅ និងចៅទួតប្រុសស្រី ញាតិមិត្តជិតឆ្ងាយបានចេញមកដោយក្តីស្រណោះអាឡោះអាល័យ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «ម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃ១២ កក្កដា ២០១៣ ជាថ្ងៃសោកសៅបំផុតសម្រាប់ខ្ញុំបន្ទាប់ពីបាត់បង់ម្តាយនៅថ្ងៃទី១០ ខែមីនា ១៩៩៨ និងការបាត់បង់កូនប្រុសទី១ របស់ខ្ញុំនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ (ចម្រៀងជីវិតអ្នកចំការ វាសនាអ្នកស្រែ) (វាលស្រែស្រណោះ) ដែលខ្ញុំនិពន្ធឡើងបង្ហាញការខិតខំរបស់ឪពុកខ្ញុំដើម្បីកូនៗ ពិសេសរូបខ្ញុំនេះតែម្តង ដែលធ្វើឲ្យគាត់ហូរទឹកភ្នែកច្រើនជាងគេ»។
សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកថា ឪពុករបស់សម្តេចបានស្រក់ទឹកភ្នែកពេលគាត់ជូនសម្តេចមកមាត់ទន្លេ ដើម្បីឡើងកាណូតមកកាន់រាជធានីភ្នំពេញក្នុងពេលសម្តេចស្ថិតនៅជាកុមារអាយុ១៣ឆ្នាំ ដើម្បីបន្តការសិក្សា។ សម្តេចបន្តរំលឹកភាពក្រៀមក្រំនោះទៀតថា ឪពុកសម្តេចបានយំនៅពេលឃើញសម្តេចធ្វើការធ្ងន់បម្រើព្រះសង្ឃនៅវត្តនាគវន្តដោយការអូសទឹក រែកទឹកមកដាក់ពាង ដែលមានផ្លូវឆ្ងាយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា លោកឪពុករបស់សម្តេចបានសម្រក់ទឹកភ្នែក នៅពេលសម្តេចថ្វាយបង្គំលាទៅបម្រើកងទ័ព។ «ឪពុកខ្ញុំយំនៅពេលខ្ញុំថ្វាយបង្គំលាគាត់ចូលបម្រើកងទ័ពរបស់សម្តេចឪនាថ្ងៃ៤ ខែ មេសាឆ្នាំ១៩៧០។ មិនដឹងថា ឪពុកខ្ញុំយំប៉ុន្មានដងរយៈពេល ៩ឆ្នាំ ពេលខ្ញុំចេញច្បាំងជាមួយចក្រពត្តិអាមេរិក១៩៧០ ដល់១៩៧៥ និងដឹកនាំចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដើម្បីរំដោះប្រជាជននាឆ្នាំ១៩៧៩»។
សម្តេចតេជោ បានគូសបញ្ជាក់ថា ឪពុករបស់សម្តេចជាមនុស្សប្រុសតែម្នាក់គត់ ដែលផ្តល់ឱវាទឲ្យសម្តេចតាំងពីនៅក្មេងខ្ចីរហូតដល់ដង្ហើមចុងក្រោយ។ សម្តេចក៏បានបញ្ជាក់ដែរថា បើទោះបីសម្តេចមានឋានៈខ្ពង់ខ្ពស់គ្រប់គ្រងអំណាចរដ្ឋ ក៏នៅតែជាកូនរបស់ព្រឹទ្ធាចារ្យ ហ៊ុន នាង ដដែលមិនអាចផ្លាស់ប្តូរឋានៈនេះបានឡើយ។
សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលមានជីវិតជាកូនកសិករក្នុងខេត្តកំពង់ចាម និងបានហែលឆ្លងភ្លើងសង្រ្គាមគ្រប់ដំណាក់កាលពេលប្រទេសកើតកលយុគតាំងពីចុងទសវត្សរ៍ឆ្នាំ៧០មកនោះ ក៏បានឲ្យដឹងផងដែរថា ដើម្បីជាការជូនដំណើរចុងក្រោយដែលគ្មានពេលវិលជួបវិញ សម្តេចបាននិពន្ធចម្រៀង២បទគឺបទ «ទឹកភ្នែកកូនប្រុស» និងបទ «អកលាទ្រនំ» ដើម្បីជាការចងចាំរបស់សម្តេចចំពោះលោកឪពុកដែលមានគុណដ៏ធំធេងសម្រាប់សម្តេច និងក្រុមគ្រួសារ។
សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងក្នុងសារដ៏ក្រៀមក្រំលើ Facebook ដែរថា នៅពេលនេះម៉ែរបស់សម្តេច បានមកចាប់ជាតិក្លាយចៅស្រីរបស់សម្តេចហើយ ហើយសម្តេចសង្ឃឹមថា ឪពុករបស់សម្តេចនឹងមកចាប់ជាតិជាមួយកូនសម្តេច២នាក់ទៀត ដែលកំពុងមានផ្ទៃពោះហើយដឹងថាសុទ្ធតែប្រុសទៀតផង៕