(កំពត)៖ មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានឃាត់ខ្លួនបុរស២នាក់ ដែលត្រូវជាឪពុក និងកូនបានបន្លំខ្លួនជាបុគ្គលិក EDC នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ វេលាម៉ោង១២ថ្ងៃត្រង់ នៅចំណុចរោងចក្រទឹកកក ស្ថិតនៅចំណុចភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
មន្រ្តីនគរបាលខេត្តកំពត បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលនេះឲ្យដឹងថា ជនសង្ស័យទាំង២នាក់បានបន្លំខ្លួនជាបុគ្គលិក EDC ហើយប្រើស្លាកលេខឡាន 13-2- 0803 ជារបស់ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ដើម្បីប៉ុនប៉ងលួចថាមពលអគ្គិសនី និងប៉ុនប៉ងឆបោកម្ចាស់រោងចក្រទឹកកកថា ពួកគេចេះធ្វើឲ្យភ្លើងស៊ីតិច នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ជនសង្ស័យទាំង២នាក់នេះមានឈ្មោះ ទី១៖ ឈ្មោះ តូច ទិប អាយុ៦០ឆ្នាំ នៅភូមិត្រពាំងវែង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត (ឈ្មោះបន្លំនៅលើផ្លាកអាវ អគ្គិសនី ឈ្មោះ តូច សុភឿន) និងទី២៖ ឈ្មោះ តូច ទិត្យ អាយុ៣៣ឆ្នាំ នៅភូមិត្រពាំងវែង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត (ឈ្មោះបន្លំនៅលើផ្លាកអាវ អគ្គិសនី ឈ្មោះ តូច សុខនេត ប្រធានផ្នែក)។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានមន្ត្រីនគរបាលបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការ តាមនីតិវិធីច្បាប់។
ជាមួយនោះដែរ លោក កែវ រតនៈ អគ្គនាយកអគ្គីសនីកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News សូមប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់អគ្គិសនីកម្ពុជា សូមមេត្តាប្រុងប្រយ័ត្នចំពោះជនឆរបោកទាំងឡាយ ដែលដើរបោកប្រាស់ ដូចករណីខាងលើនេះ៕