(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងគូសបញ្ជាក់ថា បើទោះបីផ្លូវធ្វើមានគុណភាពល្អយ៉ាងណាក៏ដោយ ក៏នៅតែរងការខ្ទេចខ្ទាំប្រសិនបើរថយន្តនៅតែបន្តដឹកលើសទម្ងន់។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូច្នេះក្នុងពេលដែលរូបលោកអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងស្រុកក្រវាញ ខេត្តពោធិ៍សាត់ ទៅកាន់ច្រកព្រំដែនថ្មដា ក្នុងស្រុកវាលវែងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។
លោក ស៊ុន ចាន់ថុល បានពន្យល់ថា ក្នុងរថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់កម្រិតចំនួន ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើ ដំណើរឆ្លងកាត់ផ្លូវ ហើយបើរថយន្តមួយគ្រឿងដឹកលើសទម្ងន់រហូតដល់ទៅ ៣០តោន គឺស្មើនឹងរថយន្តប្រមាណ ៨១ម៉ឺនគ្រឿងធ្វើដំណើរឆ្លង កាត់ផ្លូវ។
លោក ស៊ុន ចាន់ថុល ក៏បានរិះគន់ផងដែរ ដល់រថយន្តដឹកខ្សាច់ខ្លះបង្ហូរទឹកពេញថ្នល់ ដែលសុទ្ធតែជាហេតុធ្វើឲ្យថ្នល់កខ្វក់ ហើយងាយរងការខូចខាតថែមទៀតផង។ លោករដ្ឋមន្រ្តីក្រសួងសាធារណការ បានស្នើដល់ក្រុមហ៊ុនដឹកជញ្ជូនមេត្តាអានិតដល់រាជរដ្ឋាភិបាលដែលខំកសាងផ្លូវ ហើយត្រូវចូលរួមគោរពច្បាប់ និង បញ្ឈប់ការដឹកលើសទម្ងន់ព្រោះវាជាហេតុធ្វើឲ្យផ្លូវឆាប់រងការខូចខាត។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ប៉ុន្តែយើងធ្វើផ្លូវយ៉ាងណាក៏ដោយ តែបើរថយន្តដឹកទំនិញ ដឹកទំនិញហួសទម្ងន់កំណត់វាធ្វើឲ្យខូវផ្លូវយើងហើយ»។
បើទោះបីជាយ៉ាងណា លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា ក្រុមការងារបង្រ្កាបរថយន្តដឹកលើសទម្ងន់កំណត់នេះ នៅតែបន្តចុះធ្វើសកម្មភាព ដើម្បីទប់ស្កាត់រថយន្តដឹកលើសទម្ងន់ទាំងអស់នោះ ហើយវិធានការលើរថយន្តដឹកលើសទម្ងន់កំណត់ធ្វើឡើងដោយស្មើភាព ទោះរថយន្តនោះជារបស់ជនមានអំណាចក៏ដោយនោះ។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០១៧ មានរថយន្តដឹកលើសទម្ងន់ ៨៨៦គ្រឿង ត្រូវបានចាប់ផាកពិន័យ។ ថវិកា ដែលទទួលពីការផាកពិន័យមានជិត ២ពាន់លានរៀល៕