(កំពង់ធំ)៖ សាលាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពីនីតិវិធី នៃការផ្លាស់ប្តូររបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ក្រោមអធិបតីភាពលោក គង់ វិមាន អភិបាលស្តីទីខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីលោក យៀប ម៉ាលីណូ ប្រធានសុខមាលភាពជនពិការ ព្រមទាំងមន្រ្តីអង្គភាពជុំវិញខេត្ត។ កម្មវិធីនេះរៀបចំឡើងដោយនាយកដ្ឋានសុខមាលភាពជនពិការ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ។

លោក យៀប ម៉ាលីណូ បានលើកឡើងពីមូលហេតុនៃកម្មវិធីនៃ អង្គសិក្ខាសាលាដោយបញ្ជាក់ថា «ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា បានផ្លល់នូវ សេចក្តីទុកចិត្តលើនាយកដ្ឋានសុខមាលភាពជនពិការ គឺត្រូវអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកម្ពស់ ជនពិការ ក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្រថ្នាក់ជាតិ និងគោលនយោបាយដែលទាក់ទងនឹងការកាត់បន្ថយ ភាពក្រីក្រក្នុងសហគមន៍ដោយ ធ្វើការផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ ស្តារស្ថានភាពលកម្ម ក៏សាងជីវភាពឡើងវិញដល់ ជនពិការក្រីក្រ ទប់ស្កាត់ការធ្វើចំណាកស្រុក ដោយប្រថុយ ប្រថាន និងកាត់បន្ថយ ភាពអនាថា សុំទានតាមចិញ្ជើមផ្លូវរបស់ជនពិការ ព្រមទាំងពង្រឹង ប្រសិទ្ធិភាពក្នុងការផ្តល់ នូវសេវាសង្គមកិច្ចដល់ជនពិការក្រីក្រ»។

នៅក្នុងឱកាសនោះលោក គង់ វិមាន បានបញ្ជាក់ថា «ពិការភាពគឺជាបញ្ហាមួយដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងនោះអាជ្ញាធរខេត្តកំពង់ធំ មានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានលើវិស័យសុខមាលភាពទូទំាងខេត្ត។ យើងចាត់ទុកពិការភាព គឺគោលដៅចំបង។ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្នុងគោលនយោបាយគាំពារ ជនពិការឆ្នាំ២០១៤-២០១៨ របស់ខេត្តកំពង់ធំ ក៏បានរៀបចំពិធី រំលឹកទិវាជនពិការជារៀងរាល់ឆ្នាំ។ ការកាត់បន្ថយភាពក្រីក្រនៃកម្រិត ជីវភាពរបស់ជនពិការ និងការងារដែលសមស្រប តាមកាយសម្បទាទាំងស្ថាប័ណ្ណរដ្ឋ និងឯកជន ហើយកន្លងមកនេះខេត្ត មានការយកចិត្តទុកដាក់ ខ្ពស់លើជនពិការដោយធ្វើ ការផ្សព្វផ្សាយដល់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនឲ្យផ្តល់តម្លៃលើ ការងារសម្រាប់ជនពិការក្នុងនោះ យើងក៏បានធ្វើការបញ្ជ្រាបដល់រដ្ឋបាលក្រុងស្រុក មិនឲ្យមានភាពរើសអើង»

លើសពីនេះទៅទៀតខេត្តកំពង់ធំ បានផ្តល់នូវភាពរីកចម្រើនដល់ការផ្តល់សេវាអប់រំ និងវិសាលភាពនៃការផ្តល់នូវសិទ្ធិបញ្ចេញមតិយោបល់របស់ជនពិការព្រមទាំងមានការផ្តល់ ការចូលរួមក្នុងវិស័យ វប្បធម៌ជាដើម។

លោកអភិបាលស្តីទី សូមផ្តាំផ្ញើឲ្យលោក លោកស្រីយកចិត្តទុកដាក់សិក្សាបន្ថែមលើយុទ្ធវិធីក្នុងការជួយ ជ្រោមជ្រែង និងលើកទឹកចិត្តពួកគាត់ឲ្យមានកម្លាំងចិត្តក្នុងការរស់នៅក៏ ដូចជាប្រកបរបប ចិញ្ចឹមជីវិតផងដែរ និងសូមឲ្យថ្នាក់ក្រោមជាតិ បន្តសហការណ៍ជាមួយថ្នាក់ជាតិ ឲ្យជិតស្និតស្របតាមគោលការរបស់រាជរដ្ឋាភិបាលបន្ថែមទៀត៕