(កំពង់ធំ)៖ ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ម៉ាស៊ីនឈៀករថយន្តចល័ត) បានដាក់ឲ្យដំណើរការផ្លូវការហើយ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះតទៅ។ ជាមួយគ្នានេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ជូ កុល្លា បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងមន្រ្តីរាជការទូទាំងខេត្ត ដែលប្រើប្រាស់រថយន្តគ្រប់ប្រភេទ សូមយករថយន្តទៅត្រួតពិនិត្យ ឲ្យបានគ្រប់គ្នាៗ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ និងមន្រ្តីរាជការ នៃខេត្តកំពង់ធំមួយនេះ បានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជំរុញឱ្យមាន ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចល័ត បានមកដល់ខេត្ត ដើម្បីបម្រើសេវាកម្មជូនប្រជាពលរដ្ឋ ដល់មូលដ្ឋានផ្ទាល់តែម្តង ដោយមិនបាច់ពួកគាត់ ធ្វើដំណើរទៅរកសេវា មួយនេះ នៅរាជធានី-ខេត្តផ្សេងៗឡើយ ប្រយោជន៍ក្នុងកាត់បន្ថយការចំណាយថវិកា និងពេលវេលា។
លោកប្រធានមន្ទីរ បានអំពាវនាវយករថយន្តរបស់ខ្លួនតាមកាលបរិច្ឆេទដែលមាន៣លើក គឺលើកទី១ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ លើកទី២ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ និងលើកទី៣ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។
លោកបានបន្តទៀតថា ចំពោះម្ចាស់យានយន្តចាស់ត្រូវយកមកជាប់ជាមួយនូវវិញ្ញាបណប័ត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ និងថតចម្លងប័ណ្ណសំគាល់យានយន្ត (កាតគ្រី) មួយសន្លឹក និងចំពោះយានយន្តថ្មីត្រូវថតចម្លងសន្លឹកពន្ធនាំចូលមួយសន្លឹក និងអត្តសញ្ញាណប័ណ្ណមួយសន្លឹក៕