(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងកុមារ «KODOMO» ដែលរៀបចំឡើងដោយក្រុមហ៊ុន BKA Entertainment បានឈានដល់ឆ្នាំទី៩ហើយ បន្ទាប់ពីកម្មវិធីនេះ ទទួលបានជោគជ័យ និងការគាំទ្រខ្លាំង ជាបន្តបន្ទាប់ និងជួយឲ្យកុមារជាច្រើននាក់ មានឈ្មោះល្បីល្បាញ តាមរយៈកម្មវិធីកម្សាន្តសប្បាយ ប្រកួតប្រជែងគ្នានេះ។ នៅក្នុងឆ្នាំទី៩នេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺមានកុមារប្រមាណ១ពាន់នាក់ មកពីបណ្ដាខេត្តនានា បានមកដាក់ពាក្យប្រកួតប្រជែង បញ្ចេញនូវភាពក្លាហានរបស់ខ្លួន ដោយក្នុងឆ្នាំនេះ ត្រូវចំណាយពេលរហូតដល់៩សប្ដាហ៍ ដើម្បីឈានដល់វគ្គផ្ដាច់ព្រ័ត្រ។
លោក មែ វិចិត្របុត្រ អ្នកចាត់ការទូទៅប្រចាំក្រុមហ៊ុន BKA Entertainment បានថ្លែងក្នុងពិធីសន្និសីទ ប្រកាសបើកកម្មវិធីប្រកួត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះថា ក្នុងឆ្នាំនេះ មានការកែប្រែកម្មវិធីខ្លះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អាណាព្យាបាល ក៏ដូចជាសំណូមពរពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រទាំងអស់ ខណៈកម្មវិធីមានការផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ My TV រហូតដល់ទៅ៩សប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី២២ ខែកក្កដានេះតទៅ។ ក្នុងនោះកម្មវិធីប្រកួត ពីការជម្រុះតាមបណ្ដាខេត្ត-ក្រុងចំនួន៥ និងមានកុមារទាំងអស់៣៦រូប ដើម្បីមកចូលរួមប្រកួតជម្រុះលើកទី២ នៅរាជធានីភ្នំពេញ។
លោកបន្តថា ការប្រកួតនៅក្នុងរាជធានីភ្នំពេញ គឺយើងចម្រាញ់ជ្រើសរើសរកកុមារ ដែលមានសមត្ថភាព ទឹកដមសំនៀង និងមានទេពកោសល្យ ដើម្បីចូលរួមប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រចំនួន១៨រូប និងឈានទៅរកវគ្គផ្ដាច់ព្រ័ត្រ ចំនួន៩រូប។ កុមារជាបេក្ខភាពចំនួន៣រូប នឹងត្រូវផ្ដល់រង្វាន់ជយលាភី ជ្រើសរើសដោយគណៈកម្មការផ្ដល់ពិន្ទុ មានលោកគ្រូ ហួរ ឡាវី អ្នកគ្រូ គង់ ណារី និងលោក មង្គល សេង ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៥៖៣០នាទី ល្ងាចតទៅ។
អ្នកចាត់ការទូទៅ ប្រចាំក្រុមហ៊ុន រូបនេះ បានបន្ថែមទៀតថា ផលិតផលកូដូម៉ុ (KODOMO) ដែលកំពុងតែចរាចចែកចាយ នៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន TSNR Distributor មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភ បង្កើតកម្មវិធីប្រកួតចម្រៀង កុមារដំបូងបំផុតនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្នុងឆ្នាំទី២នេះ កូដូម៉ុ បានរៀបចំកម្មវិធីសប្បុរសធម៌ 3L (Life,Love,Laugh) ក្នុងការផ្ដល់នូវក្ដីស្រឡាញ់ ដោយគ្រាន់តែលោកអ្នកជាវ នូវផលិតផល កូដូម៉ុ នៅផ្សារ Lucky Supermarket និងផ្សារ Giant Supermarket គ្រប់សាខា ចាប់ពីថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែសីហា រាល់ផលិតផលទាំងអស់ចំនួន៥ដុល្លារ នោះលោកអ្នកនឹងបានរួមចំណែក បរិច្ចាគថវិកាចំនួន៤០០០រៀល ដល់ប្អូនៗកុមារកំព្រា និងកុមារគ្មានទីពឹង ស្ថិតនៅក្នុងអង្គការមួយ ក្នុងសង្កាត់ស្ទឹងមានជ័យ។
ផលិតផលកូដូម៉ុ (KODOMO) តែងតែផ្ដល់នូវការយកចិត្តទុកដាក់ ចំពោះការលូតលាស់របស់ប្អូនៗ ទាំងសតិបញ្ញាស្មារតី ទេពកោសល្យ សមត្ថភាពគ្រប់ផ្នែក ពិសេសគឺសិល្បៈចម្រៀង ដោយបានបង្កើត កម្មវិធីប្រកួតប្រជែងចម្រៀង ផ្ដល់ឱកាសដល់កុមារ មកពីបណ្ដាខេត្តនានា បញ្ចេញសមត្ថភាព ហើយទទួលបានជោគជ័យ ជាបន្តបន្ទាប់ រហូតដល់ឆ្នាំទី៩ នៅឆ្នាំនេះ។
សូមបញ្ជាក់ថា កម្មវិធីនេះ ក៏មានការចូលរួម ឧបត្ថម្ភដោយផលិតផលជាច្រើទៀតរួមមាន Shokubutsu ឡូសិន, ថ្នាំដុសធ្មេញ Hi-Herb, ផលិតផលចំណីអាហារ CP, ស្ថានីយប្រេងឥន្ទនៈ PTT និងសហការពី ផ្សារទំនើបផារ៉ាហ្គន, BKA Modeling & Casting ជាដើម៕