(ភ្នំពេញ)៖ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២នេះ ត្រូវបានរំពឹងថានឹងមានអ្នកចូលរួមកើនឡើងច្រើនជាងឆ្នាំមុន រហូតទៅដល់១៥០០០ម៉ឺននាក់ ដែលកម្មវិធីនេះនឹងត្រូវរៀបចំឡើងនៅកោះពេជ្រនាថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០១៧ ចាប់ម៉ោង៨ព្រឹករហូតដល់ម៉ោង៩យប់ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ពិព័រណ៍នេះនឹងមានកម្មវិធី​ពិសេសៗជាច្រើនថែមទៀតផងដែរ។

ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ នឹងមានកម្មវិធីពិសេសជាច្រើនដូចជា មានការដើរបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែរបែបប្រពៃណី សម័យ និងបុរាណ របស់កូនកំលោះ កូនក្រមុំសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ និងតាំងបង្ហាញសម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការ ផងដែរ។ លើពីនេះទៀតក៏មានការសម្ដែងនូវកម្មវិធីសំខាន់មួយចំនួនរួមមានពិធីចូលម្លប់ របាំងជូនពរ របាំងសហសម័យ និងការប្រ​គុំភ្លេងបែបប្រពៃណីជាដើម។

សម្រាប់អ្នកចូលរួមទាំងអស់នឹងអាចប្រមូលបាននូវគំនិតល្អៗស្ដីពីការរៀបមង្គលការយល់ដឹងពីរបៀបក្នុងការជ្រើសរើសសម្ភារៈ និងអ្នកផ្គត់ផ្គង់សេវាមង្គលការ ទទួលបានការប្រឹក្សាយោបល់ពីការដេគ័រឆាក ការតុបតែងកន្លែងថតរូបអនុស្សាវីរីយ៍ និងការដេគ័រ​ផ្កា នៅមុខក្លោងធ្វើចូលជាដើម។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនអនុស្សារៀបចំពិព័រណ៍បានឲ្យដឹងថា ការរៀបអាពាហ៍ពិពាហ៍គឺជារឿងដែល​គ្រប់គ្នាសឹងមិនជៀសមិនរួច ដូច្នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ្នកមានគម្រោងរៀបការទាំងអស់ត្រៀមខ្លួន រួចរាល់​ដើម្បីថ្ងៃពិសេសរបស់ខ្លួន។

លោកបន្ដទៀតថា ពិព័រណ៍អាពាហ៍ពិពាហ៍នេះបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់អនាគតស្វាមី ភរិយាដែលកំពុងរៀបចំ​មង្គលការជ្រើសរើសអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ សំអាងការ តុបតែង ថតរូប ពិធីការផ្សេងៗ ឲ្យទទួលបានមង្គលការមួយដ៏អស្ចារ្យ កាត់បន្ថយពេលវេលា និងចំណាយថវិការតិច។

លោកបញ្ជាក់បន្ថែមទៀតថា «ដៃគូស្វាមី និងភរិយាទាំងអស់គួររៀបចំគម្រោងថវិការដ៏វៃមួយសម្រាប់ថ្ងៃមង្គលរបស់គេជា ជាងចំណាយខ្ជះខ្ជាយ សន្សំលុយទុករៀបចំគ្រួសារក្រោយរៀបការឲ្យបានច្រើនដើម្បីធ្វើការវិនិយោគលើផ្ទះ ដី និងការបង្កើត​ចំណូលផ្សេងៗ ទៀតដែលអាចនាំគ្រួសារថ្មីទៅរកសុភមង្គល់ដ៏ល្អមួយក្នុងរយៈពេលវែង»៕