(តូក្យូ)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំភាគីជប៉ុនបន្តពង្រឹងកិច្ចសហការល្អជាមួយកម្ពុជា និងផ្តល់ជំនួយបច្ចេកទេស លើការបណ្តុះបណ្តាលភាសា និងជំនាញបច្ចេកទេសដល់កម្មសិក្សាការីខ្មែរ ស្របតាមតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន ព្រមទាំងស្នើឲ្យជប៉ុនជួយកម្ពុជា ក្នុងការរៀបចំបែបបទផ្សេងៗ ស្របតាមនីតិវិធីនៃច្បាប់ថ្មីផងដែរ។

ការស្នើនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី និងគណៈប្រតិភូ អញ្ជើញទស្សនកិច្ចនៅអង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា OTIT នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧។

នាឱកាសនោះ លោក SUZUKI ប្រធានអង្គការ OTIT បានស្វាគមន៍ចំពោះលោករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ហើយឆ្លៀតឱកាសអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារនៅក្រុមហ៊ុនរបស់លោក ហើយលោកបានជម្រាបថា អង្គការនេះមានសាខាចំនួន១៣សាខា នៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់សេវាគាំពារ ប្រឹក្សាយោបល់ និងជួយគាំទ្រដល់កម្មសិក្សាការីខ្មែរ ដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងរៀបចំបែបបទថ្មី សម្រាប់ការទទួលកម្មសិក្សាការី ពីប្រទេសផ្សេងៗ ស្របតាមច្បាប់ថ្មី ដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ។

លោករដ្ឋមន្រ្តី បានជម្រាបវិញថា កម្មសិក្សាការីខ្មែរនៅជប៉ុនមានចំនួនជិត ៥,០០០នាក់ និងបានកោតសរសើរដល់និយោជកជប៉ុន ដែលបានទទួលកម្មសិក្សាការីខ្មែរមកធ្វើការ និងយកចិត្តទុកដាក់ដល់សិក្ខាកាម ដោយផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសខ្ពស់ ដល់កម្មសិក្សាការីខ្មែរអាចសិក្សាពីមិត្តជប៉ុន ព្រមទាំងរបៀបរបបរស់នៅ និងវិន័យការងារ ហើយពេលត្រលប់វិញពួកគេនឹងក្លាយជាមនុស្សល្អ។

លោករដ្ឋមន្រ្តី បានស្នើសុំឱ្យមានការពង្រឹងកិច្ចសហការល្អរវាងកម្ពុជា-ជប៉ុន និងគាំទ្រដល់ការបណ្តុះបណ្តាល និងជ្រើសរើសកម្មសិក្សាការីខ្មែរមកជប៉ុនបានកាន់តែច្រើនថែមទៀត ព្រមទាំងជួយក្រសួងក្នុងការរៀបចំបែបបទផ្សេងៗស្របតាមនីតិវិធីនៃច្បាប់ថ្មី និងផ្តល់ជំនួយបច្ចកទេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មសិក្សាការីខ្មែរ ឱ្យស្របតាមតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន។

លោកប្រធានអង្គការ មានការពេញចិត្តនឹងការងាររបស់កម្មសិក្សាការីខ្មែរនៅជប៉ុន ហើយលោកនឹងជ្រើសរើសសិក្ខាកាមខ្មែរទៅធ្វើការនៅប្រទេសជប៉ុន កាន់តែច្រើនថែមទៀត ដោយលោកបញ្ជាក់ថា ក្រោយចុះកិច្ចព្រមព្រៀង អង្គការលោកនឹងមានការចុះអធិការកិច្ច ដើម្បីពិនិត្យមើលគ្រប់ក្រុមហ៊ុននាំពលករមកជប៉ុនទាំងអស់ ដែលមាន១៣ចំណុច ស្របតាមច្បាប់ថ្មីរបស់ជប៉ុន ជាពិសេសការបណ្តុះបណ្តាលលើភាសា និងមុខជំនាញមួយចំនួន មុននឹងមកធ្វើការនៅជប៉ុន ដែលក្នុងនោះមានជំនាញ កសិកម្ម នេសាទ សំណង់ ផលិតអាហារ កាត់ដេរ មេកានិច និងមុខជំនាញផ្សេងៗ ព្រមទាំងមានបទពិសោធន៍លើការងារទាំងនេះ។

លោករដ្ឋមន្រ្តីសង្ឃឹមថា អង្គការ OTIT នឹងជួយបង្ហាញប្រាប់ក្រុមហ៊ុននានានៅកម្ពុជា ឲ្យបានដឹងពីនីតិវិធីថ្មីៗនៃច្បាប់របស់ប្រទេសជប៉ុន និងបានអញ្ជើញប្រតិភូអង្គការទៅទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ ដើម្បីមានឱកាសពិភាក្សាការងារទាំងនេះ ឱ្យបានកាន់តែល្អប្រសើរថែមទៀត៕