(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដង្ហែអង្គផ្កាប្រាក់២០០លានរៀល ទៅកាន់វត្តត្រពាំងវែង ឃុំព្រះនិព្វាន្ដ ស្រុកគងពិសី នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត។ បន្ថែមពីដង្ហែអង្គផ្កាប្រាប់២០០លានរៀល នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងស្រុកគងពិសី ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់នូវការលំបាក និងឧបសគ្គជាច្រើន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនហើយបានរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយគណបក្សប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើន ជូនសង្គមជាតិជាស្ថាបនិកសន្តិភាព២៣តុលា ទីក្រុងប៉ារីស ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចភាពសុខសាន្ត របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។
បើតាមនាយឧត្តមសេនីយ៍ គណបក្សប្រជាជនកម្ពុជាជាស្នូល នៃការបង្រួបបង្រួមជាតិឯកភាពជាតិ ទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ប៉ុល ពត ការពារជាតិបូរណភាពទឹកដី ការពារសុខសន្តិភាព ជាតិសាសនាព្រះមហាក្សត្ររដ្ឋធម្មនុញ្ញ និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ ដោយបានខិតខំស្ដារ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ ពីគនរផេះផង់ ប្រែក្លាយប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព និងខិតខំការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ មកដល់សព្វថ្ងៃនេះ។
បន្ថែមពីនេះ លោកបានថ្លែងអំណរគុណចំពោះសមាជិកសមាជិការបក្ស និងប្រជាពលរដ្ឋ ដែលបានផ្ដល់ភាពយុត្តិធម៌បន្តគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ ជាបន្តបន្ទាប់ទៀតដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បន្តការដឹកនាំថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិឲ្យឆាប់បានរីកចម្រើន ដូចប្រទេសអភិវឌ្ឍន៍នានា នៅលើពិភពលោកផងដែរ។
ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី បានប្រមូលបច្ច័យពីអង្គផ្កាប្រាក់សាមគ្គី ប្រគេនបច្ច័យវត្តត្រពាំងវែង៥ម៉ឺនដុល្លារ និង២០លានរៀល, វត្តល័ង្កកា១០លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងទីវត្តអារាម ព្រមទាំងបានចែកអំណោយជូនយាយជីតាជី ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ សមាជិកបក្ស សាលាស្រុក មានក្រណាត់សនិងថវិការ ព្រមទាំងបាន ឧបត្ថម្ភអង្ករ៥តោន ជូនដល់យុវជនស្រុកគងពិសីផងដែរ៕