(ព្រះសីហនុ)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៤នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ដ៣គ្រឿងបុកបន្ដគ្នា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចអូរត្រាវ ភូមិចំណោទរាម ឃុំបិទត្រាង ស្រុកព្រៃនប់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរវាងរថយន្ត១គ្រឿងម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AH-3088 ជិះគ្នាចំនួន៥នាក់ស្រី២នាក់ មានទិសដៅពីក្រុងព្រះសីហនុ និងរថយន្ត១គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK-2841 បើកបរដោយជនជាតិកូរ៉េ ជិះគ្នាចំនួន២នាក់ មានទិសដៅពីព្រលានយន្តហោះអន្តរជាតិកងកេង ឆ្ពោះមកក្រុងព្រះសីហនុ និងរថយន្តដឹកកុងតឺន័រ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-4799 មានទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យរងរបួសធ្ងន់មនុស្សស្រីម្នាក់ ក្រោយមកស្លាប់នៅមន្ទីរពេទ្យ។ រងរបួសមធ្យមមនុស្សចំនួន ២នាក់ស្រីម្នាក់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព រងរបួសស្រាលជនជាតិកូរ៉េចំនួន២នាក់ ភេទប្រុស បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ។
រីឯវត្ថុតាងរថយន្តចំនួន៣គ្រឿង ខូចខាតកំរិតធ្ងន់ សមត្ថកិច្ចជំនាញកំពុងរៀបចំយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោគ បន្តតាមនីតិវិធី៕