(ភ្នំពេញ)៖ យុវជនម្នាក់ ជាអ្នកបម្រើការងារនៅក្រុមហ៊ុនរថយន្តតាក់ស៊ីមួយ ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានទាញកាំបិតកាប់ជំនួយការផ្ទាល់ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បណ្តាលឲ្យរងរបួសធ្ងន់ ក្នុងខណៈជនរងគ្រោះកំពុងដើរក្នុងអាកាសយានដ្ឋាននោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះហើយ ក្រោយពេលបញ្ចប់ការសាកសួរ។
មន្រ្តីតុលាការ បានបញ្ជាក់ថា ជនសង្ស័យត្រូវបាន លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ប៉ុនប៉ងឃាតកម្ម» តាមមាត្រា២៧ និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។
ប្រភពព័ត៌មានបានបន្តថា ការចោទប្រកាន់នេះ គឺយោងលើភស្តុតាងដែលបង្ហាញថា យុវជនរូបនេះមានស្មារតីគ្រប់គ្រាន់ មិនមែនជាមនុស្សឡប់សតិហើយក៏ពុំមានប្រើប្រាស់គ្រឿងញៀនទេ។ ដូច្នេះអាចមានអ្នកបញ្ជាពីក្រោយឲ្យធ្វើសកម្មភាពនេះ។
សមត្ថកិច្ច បញ្ជាក់ថា ជនបង្កមានឈ្មោះ កែវ ភារម្យ អាយុ២៥ឆ្នាំ ជាអ្នកទទួលភ្ញៀវចុះពីយន្តហោះ ដែលធ្វើការនៅក្រុមហ៊ុន រ៉ូយាល់ ខេមបូឌា លីមូស៊ិន សេកវីស ដែលក្រុមហ៊ុនបញ្ជូនមកឲ្យធ្វើការនៅព្រលានយន្តហោះ។ ឪពុកជនបង្កឈ្មោះ កែវ សារ៉ង ជាមន្រ្តីយោធា និងមានម្តាយ អ៉ឹង សគុន្ធថាវរី បច្ចុប្បន្នផ្ទះលេខ18UH ផ្លូវK4A ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះលោក កែវ ស៊ីថា អាយុ៥១ឆ្នាំ ជាជំនួយការផ្ទាល់លោកឧកញ៉ា ។ ចំណែកជនរងគ្រោះ មានឈ្មោះ កែវ សូថា អាយុ៥១ឆ្នាំ ជាជំនួយការផ្ទាល់ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ មានទីលំនៅផ្លូវលេខ៥៩៨ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ ហើយកំពុងសម្រាកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ កំពុងដើរកាត់តាមស្ថានីយអ្នកដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រង់ចាំទទួលសាច់ញាតិរបស់លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ មកពីបរទេស ស្រាប់តែត្រូវបានជនដៃដល់យកកាំបិតប៉័ងតោ មកកាប់ទៅលើក្បាលជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសហូរឈាមកក្លាក់ជោគខ្លួន និងសម្លៀកបំពាក់។ ពេលនោះជនរងគ្រោះបានស្រែកឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយជននោះ ក៏ត្រូវបានកម្លាំងសន្តិសុខ ឃាត់ខ្លួនបានភ្លាមៗផងដែរ៕