(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងអំណរគុណដល់ អ្នកគាំទ្រនៅប្រទេសបារាំង និងអាល្លឺម៉ង់ ដែលបានរៀបចំរំលឹកខួប៦៦ឆ្នាំ នៃការបង្កើត CPP។ សម្តេចបានថ្លែងថា កំណើនការគាំទ្រក្នុងនិងក្រៅប្រទេសនេះ នឹងធ្វើឱ្យ CPP ឈ្នះការបោះឆ្នោត នៅឆ្នាំ២០១៨។
នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «សព្វថ្ងៃនេះ ប្រជាពលរដ្ឋទាំងនៅក្នុង និងក្រៅប្រទេសសុទ្ឋតែបានដឹងច្បាស់ថា គណបក្ស ប្រជាជនកម្ពុជា តែមួយគត់ ដែលបានរំដោះប្រទេសជាតិពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត។ ទន្ទឹមនឹងនេះដែរ ប្រមុខដឹកនាំ នៃគណបក្សប្រជាជនតែងតែ នៅរួមសុខរួមទុក្ខជា មួយប្រជាពលរដ្ឋ តាំងពីពេលនោះរហូតមកដល់ពេលនេះ គឺមិនដែលរត់យករួចខ្លួន ទៅសង្ងំយកសុខតែម្នាក់ឯង នៅបរទេសឡើយ»។
សម្តេចតេជោ បានបន្តទៀតថា «សព្វថ្ងៃនេះ សន្ទុះកំណើននៃការគាំទ្ររបស់បងប្អូនទាំងនៅក្នុង និងក្រៅប្រទេស គឺបានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោតនៅឆ្នាំ ២០១៨ ខាងមុខនេះជាបន្តទៀត»។
សូមបញ្ជាក់ថា លទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់ ដោយទទួលបានឃុំ/សង្កាត់ចំនួន ១១៥៦ ក្នុងចំណោមឃុំសង្កាត់ ១៦៤៦នៅទូទាំងប្រទេស។ CPP ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ សរុប ៦,៥០៣ ក្នុងនោះ មានមេឃុំ/ចៅសង្កាត់ ចំនួន១១៥៦អាសនៈ ជំទប់ទី១៖ ១១៣៩អាសនៈ និងជំទប់ទី២៖ ៥១០អាសនៈ។ លទ្ធផលនេះ ក៏បង្ហាញដែរថា គណបក្សប្រជាជនកម្ពុជា បានកើនឡើង ជាង៣០ម៉ឺនសំឡេង បើធៀបនឹងសំឡេងនៃការបោះឆ្នោត កាលពីឆ្នាំ២០១៣។
ដោយឡែក នាពេលបច្ចុប្បន្ននេះ គណបក្សកាន់អំណាច ក៏បានបង្កើនសមាជិក និងសកម្មជនរបស់ខ្លួនជាបន្តបន្ទាប់ នៅក្រៅប្រទេសផង៕