(ភ្នំពេញ)៖ លោក កោ វណ្ណឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារជំនុំជំរះ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ២នាក់ រួមមានឈ្មោះ ឈឿន សុខឃីម និងឈ្មោះ ជឹម ចាន់ ផាន់ណា ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណីសម្លាប់មេកាសំណង់របស់ខ្លួន កាលពីដើមឆ្នាំ២០១៧។ ជនជាប់ទាំង២នាក់ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន និងរក្សាទុកដោយខុសច្បាប់នូវសារជាតិញៀន»។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការថា ជនជាប់ចោទ ជឹម សុផាន់ណា មានអាយុ២៩ឆ្នាំ មុខរបរកូនជាងរៀបការ៉ូ មានស្រុកកំណើត នៅភូមិព្រែកប្រាំង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងឈឿន សុខធីម មានអាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ ធន់ ចាន់ធឿន អាយុ៣៣ឆ្នាំ នៅកែងផ្លូវ ៥១ និងផ្លូវ ២១៤ ក្នុងភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលត្រូវកូនជាងសម្លាប់កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។
ជនទាំង២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
ក្រុមកម្មករថា ជនរងគ្រោះបានធ្លាក់ពីលើអគារជាន់ទី៥ ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែមន្ត្រីជំនាញបានចាត់ទុកករណីនោះ ជាអំពើ «ឃាតកម្ម» បន្ទាប់ពីពិនិត្យឃើញស្នាមជាំខ្មៅ នៅកដែលបញ្ជាក់ពីការសម្លាប់ដោយយកខ្សែរឹតក មុនទម្លាក់ពីលើអគារ។
បន្ទាប់ពីដឹងមូលហេតុពិត សមត្ថកិច្ចបានស៊ើបអង្កេតរហូតឈានដល់ការចាប់ខ្លួនពួកគេ ខណៈសពជនរងគ្រោះ ត្រូវបានយកទៅធ្វើបុណ្យ នៅស្រុកកំណើតក្នុងភូមិអូរ ឃុំកាត់ភ្លុក
ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍ ជនដៃដល់ បានសារភាពថា នៅល្ងាចថ្ងៃទី១៣ ខែមករា ពួកគេបានបបួលជនរងគ្រោះផឹកស្រាថ្នាំ លើអគារជាន់ទី១ ក្នុងការដ្ឋានសំណង់ខាងលើ។ លុះដល់ម៉ោង៣៖៣០នាទីទៀបភ្លឺឈានចូលថ្ងៃ១៤ ខែមករា ឆ្នាំ២០១៧ ខណៈជនរងគ្រោះស្រវឹងបាត់ស្មារតី ពួកគេក៏រៀបចំគម្រោងប្លន់ ដោយបានបបួលមេការនោះ ឡើងទៅជាន់ទី៥ ហើយក៏ប្លន់ដោយឈ្មោះ វណ្ណា ជាអ្នកចាប់ក្លេដៃជនរងគ្រោះ ឯឈ្មោះ ធីម ជាអ្នកយកខ្សែរឹតករហូតស្លាប់៕