(ភ្នំពេញ)៖ ជាការបញ្ជាក់បន្ថែមទៀតនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្នុងករណីបាញ់ប្រហារជិត១០គ្រាប់ ពីសំណាក់ខ្មាន់កាំភ្លើងម្នាក់ នៅខណ្ឌដូនពេញ កាលពីប៉ុន្មានថ្ងៃមុននោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងប្រាប់បណ្ដាញសារព័ត៌មាន Fresh Newsថា សាវតាជាតិរបស់ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចរបស់លោក មានគ្រប់គ្រាន់នៅក្នុងដៃអស់ហើយ និងកំពុងតាមចាប់ខ្លួនជននេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ មិនអាចអត់ឱនឲ្យបាននោះឡើយ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់បន្ថែមផងដែរថា ទន្ទឹមនឹងកំពុងធ្វើការស្រាវជ្រាវតាមចាប់ជននេះ សមត្ថកិច្ចជំនាញរបស់លោក ក៏បានរៀបចំកសាង សំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នតុលាការ ដើម្បីសុំដីកាបញ្ជាឲ្យចូលខ្លួន ពីព្រោះពេលណាផុតបទល្មើសជាក់ស្ដែងសមត្ថកិច្ចមិនអាចស្វែងរក ចាប់ខ្លួនបាននោះឡើយ បើគ្មានដីកានៅក្នុងដៃ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែខិតខំ យើងមានសាវតាជាតិគ្រប់គ្រាន់ហើយ ប៉ុន្តែការស្រាវជ្រាវរកមនុស្សមិនទាន់ឃើញ។ ដើម្បីឲ្យត្រឹមត្រូវ តាមនីតិវិធី យើងបានកសាងសំណុំរឿងបញ្ជូន ទៅស្ថាប័នតុលាការហើយ ដើម្បីស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនព្រោះពេលណាផុតបទល្មើសជាក់ស្តែង យើងមិនអាចស្វែងរកចាប់ខ្លួន ទេបើសិនគ្មានដីកា»។
មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមា្នក់ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh Newsថា ជនសង្ស័យជាម្ចាស់រថយន្ដដែលបាញ់ប្រហារ ជិត១០គ្រាប់ ឈ្មោះ ទូច បូភាព មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានោះ ពីមុនជាអតីតមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ផ្នែកមជ្ឈឹម២ បន្ទាប់មកជននេះ បានលាឈប់ពីក្របខ័ណ្ឌនគរបាលជាតិ ទៅបម្រើការងារជាមន្ដ្រីយោធាវិញម្ដង ប៉ុន្ដែមិនដឹងថាបម្រើនៅអង្គភាពណាមួយ។
តាមមន្ដ្រីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីកើតករណីនេះភ្លាម នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងនគរបាល ចុះទៅផ្ទះរបស់ជនសង្ស័យ ស្ថិតនៅសង្កាត់វាលវង់ ប៉ុន្ដែពេលទៅដល់ត្រូវបានប្រជាពលរដ្ឋនៅក្បែរខាងបានប្រាប់ថា ជននេះបានដូរទីលំនៅទៅកន្លែងផ្សេងបាត់ហើយ។
យោងតាមកាតគ្រីរថយន្ដបង្កដែលបង្ហាញ ដោយសមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្ដឈ្មោះ ទូច បូភាព មានទីលំនៅភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តទៀតថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបន្ដធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ ស្វែងរកទីលំនៅរបស់ជនបង្កថ្មី ដើម្បីឈានទៅដល់ការចាប់ខ្លួន។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាដ៏តឹងរឹង ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាល ខេត្តពាក់ព័ន្ធទាំងអស់ តាមចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់ជិត១០គ្រាប់ ទាំងកណ្ដាលយប់ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់មិញ យកមកផ្តន្ទាទោស ឲ្យខានតែបាន មិនឲ្យរួចខ្លួនជាដាច់ខាត។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្នូរគ្រាប់កាំភ្លើងជិត១០គ្រាប់ បានបន្លើឡើងនូវចំណុចផ្លូវ២៤២ កែងផ្លូវលេខ៥៥ ទល់មុខក្លឹបកំសាន្ដ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់ បើករថយន្ដ Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ដោយមិនដឹងមូលហេតុ រួចបើកគេចខ្លួនដោយសុវត្ថិភាព៕