(រតនគិរី)៖ ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះអង្កេតត្រួតពិនិត្យ នៅផ្សារបានលុង ដើម្បីពិនិត្យបន្លែសាច់ ផ្លែឈើ និងផលិតផលគ្រឿងកំប៉ុង គោលបំណងស្វែងរកសារធាតុគីមី និងផលិតផលហួសកាលបរិច្ឆេទ។

មន្រ្តីកាំកុងត្រូលសាខារខេត្តរតនគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនៅផ្សារបានលុងខាងលើ មន្រ្តីជំនាញក៏បានដកហូតទំនិញហួស កាលបរិច្ឆេទដូចជា៖ ទឹកស៊ីរ៉ូ ចំនួន១២ដប ទឹកក្រូច ហ្វាន់តា ចំនួន៧៨ដបតូច ទឹកស៊ីអ៊ីវជីងស៊ូចំនួន០២ដប និងនំកញ្ចប់ចំនួន២៨៨កញ្ចប់ជាដើម ហើយបានធ្វើកិច្ចសន្យាដកហូតយកទុក ដុតកម្ទេចចោលនាពេលខាងមុខ។

ជាមួយគ្នានោះមន្រ្តីជំនាញកាំកុងត្រូល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងជាពិសេសអាជីវករសូមកុំយកបន្លែ ផ្លែឈើនិងទំនិញដែលខូច គុណភាព និងហួសកាលបរិច្ឆេទ យកមកលក់បន្តទៀត។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារបានលុង និងផ្សារកូនមុំ ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕