(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា គ្រប់សាខាធនាគារជាតិនៃកម្ពុជា បានដើរតួនាទីសំខាន់ណាស់ក្នុងការគាំទ្រ និងជំរុញការរីកចំម្រើន នៃសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។ ការថ្លែងបែបនេះរបស់លោកបានធ្វើឡើង នាឱកាសដែលលោក អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកនៅបណ្តាសាខាខេត្ត របស់ធនាគារជាតិនៃកម្ពុជា និងអបអរសាទរការដាក់បញ្ជូលតំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។
លោក ជា ចាន់តូ បានសម្ដែងការរីករាយ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកដែលបានបំពេញភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសិមិទ្ធផលសំខាន់ៗ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
នាឱកាសនោះ លោកបានរំឭកពីមុខងារភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា និងបានសង្កត់ធ្ងន់ថាសាខាធនាគារជាតិនៃកម្ពុជា នៅតាមបណ្តាខេត្តមានតួនាទីសំខាន់ណាស់ក្នុងការគាំទ្រ និងជំរុញការរីកចម្រើននៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ ដោយសាខាធនាគារជាតិនៃកម្ពុជា គឺជាបេឡា និងឃ្លាំងទ្រព្យសម្បត្តិរបស់រដ្ឋ និងជាអ្នកផ្តល់សេវាដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហើយតាមរយៈនេះសាខាធនាគារជាតិនៃកម្ពុជា បានគ្រប់គ្រងនិងសម្រួលចរាចរណ៍រូបិយវត្ថុទៅតាមតម្រូវការក្នុងតំបន់ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបានរួមចំណែកក្នុងការពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារកម្ពុជាក៏ដូចជាភាពរឹងមាំនៃសេដ្ឋកិច្ចក្នុងតំបន់។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះលោក ទេសាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីវាយឃ្មោះអបអរសាទរការ ដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក ដែលត្រូវបានកិច្ចប្រជុំលើកទី៤១ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការដើម្បីវប្បធម៌ វិទ្យាសាស្ត្រ និងការអបរំរបស់អង្គការសហប្រជាជាតិ (UNESCO) ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
ការដាក់បញ្ចូលប្រាសាទខែ្មរយើងបន្ថែមទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ បានឆ្លុះបញ្ចាំងពីស្នាដៃដ៏វិសិដ្ឋរបស់ បុព្វបុរសខ្មែរក្នុងការកសាងប្រាង្គប្រាសាទ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុលើកស្ទួយកិត្យានុភាព វប្បធម៌ អរិយធម៌ និងកិតិ្តនាមកម្ពុជាលើឆាកអន្តរជាតិ៕