(ក្រចេះ)៖ មន្រ្តីរដ្ឋបាលព្រៃឈើស្រុកស្នួល ខេត្តក្រចេះ បានលួចទម្លាយថា មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្នួល បានឃាត់គោយន្ដកែច្នៃដឹកឈើប្រណិតមួយគ្រឿង ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ស្រាប់តែត្រូវកម្លាំងយោធានៅកងពលអនុសេនាធំលេខ៣ ដែលមានទីតាំងនៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ទៅដណ្ដើមយកគោយន្ដដឹកឈើមកវិញ។
តាមពិតហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែទើបតែបែកធ្លាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ។
មន្រ្តីរដ្ឋបាលព្រៃឈើដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានឲ្យដឹងថា ក្រោយពីមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ តាមឃាត់គោយន្ដកែច្នៃដឹកឈើមួយគ្រឿងនោះ នៅចំណុចផ្លូវលំ តាមច្រកចូលD (ច្រករបៀង) ស្ថិតនៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ក៏ត្រូវបានមនុស្សមួយក្រុម ដែលរួមមានទាំងពលរដ្ឋ និងកម្លាំងយោធា បានមករំដោះយកគោយន្ដដឹកឈើយកទៅវិញដោយសុវត្តិភាព។ បើតាមប្រភពដដែលនេះ «អ្នកដែលមករំដោះត្រូវបានគេស្គាល់ឈ្មោះហៅក្រៅថា តាកុក ជាយោធា ហើយឈ្មោះតាកុកនេះ ត្រូវបានគេដឹងថា រកស៊ីដឹកជញ្ជូនឈើជាយូរមកហើយ»។
ជុំវិញហេតុការណ៍នេះភ្នាក់ងារ Fresh News ប្រចាំខេត្តក្រចេះ បានព្យាយាមទាក់ទងទៅលោក មាស ចលនា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដែលចុះទៅបង្ក្រាបគោយន្ដដឹកឈើនោះតាមទូរស័ព្ទជាច្រើនដង ដើម្បីជ្រាបច្បាស់ជុំវិញហេតុការណ៍នោះ ប៉ុន្តែលោក មាស ចលនា មិនលើកទូរស័ព្ទនោះទេ។
ដោយឡែកមន្រ្តីយោធាដែលគេលួចទម្លាយថា ទៅរំដោះគោយន្ដដឹកឈើនោះភ្នាក់ងារ Fresh News បានខលចូលទូរស័ព្ទរបស់លោក ទេព សុខា ហៅឃាន មេបញ្ជាការកងពលអនុសេនាធំលេខ៣ ដើម្បីសុំការបកស្រាយ ប៉ុន្តែត្រូវអ្នកផ្សេងលើកទូរស័ព្ទ ដោយអះអាងថា គាត់ជារងរបស់លោក ឃាន។
មន្រ្តីយោធាដែលអះអាងថា ជារងរបស់លោកឃាន បានបញ្ជាក់ថា «ករណីនេះលោកមេបញ្ជាការ ក៏បានបញ្ជាឲ្យមេបញ្ជាការង ទៅសម្របសម្រួលដែរ តែទៅមិនទាន់ ហើយរឿងដែរ អ្នករំដោះគោយន្ដនោះ ជាប្រជាពលរដ្ឋរស់នៅភូមិមានជ័យ ព្រោះពួកគាត់ខ្លាចគេចាប់គោយន្ដរបស់ពួកគាត់»៕