(ព្រះវិហារ)៖ ពិតជាដំណឹងមួយដ៏រីករាយសម្រាប់ប្រជាកសិករនៅក្នុងខេត្តព្រះវិហារទាំងមូល ដោយសារតែនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ មានពិធីចុះហត្ថលេខា រវាងប្រជាកសិករ៣២សហគមន៍ និងក្រុមហ៊ុនចំនួន៣ ដើម្បីទទួលទិញស្រូវសិរីរាង្គប្រមាណ២៧ពាន់តោន សម្រាប់ធ្វើការនាំចេញទៅលក់នៅទីផ្សារ បរទេសនៅឆ្នាំ២០១៧នេះ។ ពិធីនេះបានរៀបចំធ្វើឡើងក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលអញ្ជើញធ្វើជាសាក្សីក្នុងនៅមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត។
លោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងនាមលោកជាអាជ្ញាធរខេត្ត លោកពិតជាមានសេចក្តីសោមនស្សរីករាយដែលថ្ងៃនេះ បានមកជួបសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ ពិសេសបានមកធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុន៣ ជាមួយសហគមន៍ទាំង៣២ក្នុងការទិញស្រូវសរីរាង្គ ពីប្រជាកសិករនៅខេត្តព្រះវិហារ ប្រមាណ២៧ពាន់តោន នៅឆ្នាំ២០១៧នេះ។
លោក អ៊ុន ចាន់ដា បានបន្តថា «ឆ្នាំ២០១៧នេះ ការបញ្ជាទិញស្រូវសរីរាង្គមានការកើនឡើងទ្វេរដងបើធៀបនឹងឆ្នាំ២០១៦ គឺក្រុមហ៊ុនបញ្ជាទិញ តែជាង១០ពាន់តោនទេ តែឆ្នាំ២០១៧នេះ ក្រុមហ៊ុនបញ្ជាទិញរហូត២៧ពាន់តោន។ កត្តានេះផ្តើមចេញពីការខិតខំប្រឹងប្រែងផលិតរបស់កសិករ យើងតាមស្តង់ដា ដែលក្រុមហ៊ុន បានកំណត់ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ដើម្បីនៅឆ្នាំ២០១៨ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនបញ្ជាទិញរហូត៣០ ទៅ៤០ពាន់តោនថែមទៀត»។
លោកអភិបាលខេត្តបានបន្ថែមថា ប្រាក់ចំណេញដែលទទួលបានពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គដោយផ្អែកលើ ផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺកសិករទទួលបានប្រាក់ចំណូល គួរសមបើធៀប និងតំលៃឈ្មួញដើរទិញយើងមានតំលៃលើស ព្រោះយើងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនមុន លើតំលៃសមស្របដែលយើង ទទួលយកបាន។ តាមរយៈពិធីចុះកិច្ចសន្យានេះ និងតាមការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យារវាងសហគមន៍ កសិកម្ម និងក្រុមហ៊ុនដោយមានការសហការ ការជួយជ្រោមជ្រែងពីមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត សហភាពសហគមន៍កសិកម្ម ព្រះវិហារ ព្រមទាំងអង្គការដៃគូនានា សង្ឃឹមជឿជាក់ថា ភាពក្រីក្ររបស់ប្រជាកសិករនៅក្នុងខេត្តព្រះវិហារ និងត្រូវបានកាត់បន្ថយមួយកំរិតថែមទៀត។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា «ការបង្កើតសហគមន៍កសិកម្ម ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណ ផ្តោតសំខាន់លើការងារវិស័យកសិកម្ម ដែលរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ជាជ្រុងមួយនៃយុទ្ធសាស្ត្រចតុកោណ បាញ់ឆ្ពោះលើវិស័យកសិកម្ម។ អញ្ចឹងការផលិតស្រូវសរីរាង្គជាកម្មវិធីរបស់រដ្ឋាភិបាល មិនមែនជាការៀបចំដោយអង្គការ ឬសង្គមស៊ីវិល ណាមួយនោះទេ ព្រោះរដ្ឋាភិបាលជាអ្នកបង្កើត និងមានការចូលរួមពីអង្គការសង្គមស៊ីវិលខ្លះ ហើយមានការទទួលទិញពីក្រុមហ៊ុនជាដៃគូរ»។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ពាក់ពន្ធ័ និងតម្លៃទីផ្សារកសិផលរបស់ប្រជាកសិករមានការធ្លាក់ចុះ បញ្ហានេះមិនមែនតែនៅប្រទេសយើងទេ នៅប្រទេសគេក៏មានដែរ តែគេបានបិទបាំងល្អណាស់ គេមិនផ្សព្វផ្សាយទេតែនៅកម្ពុជាយើងវិញមានគ្រប់រូបភាព ដូចជាចាក់ស្រូវតាមដងផ្លូវ កាប់ចេកចោលកាច់ជ្រលង់ម្រេច......ជាដើម។ ដែលកត្តានេះលោកគូសបញ្ជាក់ថា បណ្តាលមកពីផលដែលយើងផលិតមិនតាមស្តង់ដា ដែលគេចង់បានហើយម្យ៉ាងទៀតការដាំដុះ មិនមានគម្រោងផែនការច្បាស់លាស់ តែចំណុចទាំងនេះ លោកចាត់ទុកជារឿងមួយមធ្យមទេ ព្រោះដំណាំដែលគាត់បង្ហោះតាមបណ្តាញសង្គមតំលៃមិនមែនដូចគាត់ថានោះទេ។
យ៉ាងណាម៉ិញផ្លែល្ពៅ ពីមុនថៃ មិនឲ្យចូលតែដោយមានការប្រឹងប្រែងរបស់អាជ្ញាធរ ថៃអនុញ្ញាតឲ្យនាំចូលមួយថ្ងៃ១៥តោន តាមច្រកអានសេះ ត្រង់ចំណុចនេះមិនមានអ្នកណាលើកមកនិយាយទេ ដូច្នោះទាក់ទង និងតម្លៃទីផ្សាររបស់កសិករនៅស្រុកយើងវាជារឿងនយោបាយច្រើនជាង ក្នុងន័យបញ្ឈឺរដ្ឋាភិបាលថា មិនយកចិត្តទុកដាក់ដែលនេះ ជាការរៀបចំឡើងដោយជនអគតិ និងបក្សនយោបាយមួយចំនួនតែប៉ុណ្ណោះ។ លោកបន្តថា អត្រាសេដ្ឋកិច្ចកម្ពុជាកើត៧ភាគរយ ជារៀងរាល់ឆ្នាំ ដែលការកើននេះមិនមែនរដ្ឋាភិបាលជាអ្នកស្រែកទេ គឺមានការវាយតម្លៃពីស្ថាប័នអន្តរជាតិដូវជា IMF ADB និង World Bank ជាដើម៕