(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីរកគន្លឹះដោះស្រាយបញ្ហាទឹកលិចលង់ នៅក្នុងរាជធានីភ្នំពេញ មុនពេលរដូវវស្សាមកដល់ ក្រោយពេលដែលតំបន់មួយចំនួន ក្នុងខណ្ឌចំនួន៨ នៅជាយក្រុងមានទឹកលិចខ្លាំង។
ក្រោយបញ្ចប់កិច្ចប្រជុំ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានថា ដោយមើលឃើញបញ្ហាប្រឈមមួយចំនួន ដែលលិចទឹក ជាពិសេសមន្ទីរជំនាញមួយចំនួន បានខិតខំធ្វើកិច្ចការនេះ យ៉ាងសស្រោកសស្រាំយ៉ាងណាក៏ដោយ ទទួលស្គាល់ថា នៅមានតំបន់ខ្លះនៅមានលិចទឹកនៅឡើយ។
លោកបានបញ្ជាក់ថា «នេះហើយជាមូលហេតុ ដែលលោកអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយមន្រ្តីជំនាញ និងអាជ្ញាធរខណ្ឌទាំង១២ ជំនាញពាក់ព័ន្ធផ្សេងៗ ជាពិសេសខាងមន្ទីរសាធារណការ និងមន្ទីរធនធានទឹក ដើម្បីពិភាក្សា និងរកដំណោះស្រាយ បញ្ហាលិចទឹកតំបន់មួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ»។
ជាលទ្ធផលវិជ្ជមាន រដ្ឋបាលរាជធានីភ្នំពេញទទួលស្គាល់ ហើយកន្លងមកបានធ្វើកិច្ចការនេះច្រើន ហើយទីតាំងមួយចំនួនក្នុងខណ្ឌ៤ ក្នុងរាជធានីភ្នំពេញ ធ្លាប់តែទទួលការលិចលង់ច្រើន និងលិចលង់ជ្រៅ បានធ្វើការដោះស្រាយបានស្ទើរតែទាំងស្រុង ដូចជាប្រមាណជាង៣០ទីតាំង ដែលជាតំបន់នាកន្លងធ្លាប់មានការលិចលង់ខ្លាំង នៅខាងក្រោយព្រះបរមរាជវាំង ហើយទីតាំងមួយចំនួនទៀត បានដោះស្រាយទាំងស្រុង ហើយពេលដែលមានភ្លៀងម្តងៗ មានកម្ពស់ទឹក៣០មីលីម៉ែត្រ ក្រោយពេលប្រមាណ១ម៉ោង ទឹកបានហូរអស់ចេញពីលើផ្លូវផងដែរ។
អ្នកនាំពាក្យរូបនេះ បន្ថែមថា នៅមានទីតាំងប្រមាណ៥ទៀត មិនទាន់បានដោះស្រាយនោះទេ ហើយសង្ឃឹមថា ២ឬ៣ខែទៀត ក្រោយពេលមានចំណាត់ការ ការងារនេះ នឹងអាចដោះស្រាយបាន។
លោកបញ្ជាក់ថា នៅទីតាំងបណ្តាខណ្ឌចំនួន៨ នៅជាយក្រុង ក្រៅពី៤ខណ្ឌនោះ មានបញ្ហាលិចលង់នៅពេលមានភ្លៀងម្តង់ៗមក ដូចជា នៅខណ្ឌពោធិ៍សែនជ័យ ឬស្សីកែវ មានជ័យ និងដង្កោជាដើម ដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំនាថ្ងៃនេះ នឹងបានដាក់ចេញវិធានការជាក់លាក់មួយចំនួន ដើម្បីដោះស្រាយបញ្ហាទាំងអស់ រួមបញ្ហាដែលនៅសេសសល់ ដូចជាបញ្ហាសំរាមចូលលូ ជាបញ្ហាមួយបង្កឲ្យមានការលិចលង់ផងដែរ ហើយអាជ្ញាធរបានធ្វើបណ្តាញលូ បានប្រទាក់ក្រឡាគ្នា ប៉ុន្តែនៅមុខលូមានកកដោយសំរាម ឬក៏សំរាមបានធ្លាក់ចូលទៅក្នុងបំពង់លូ ដែលមានកកស្ទះនៅក្នុងនោះ ក៏ធ្វើឲ្យមានការលិចលង់ផងដែរ និងបានដាក់វិធានដល់ខណ្ឌធ្វើការងារនេះ នៅពេលមានភ្លៀង ជាពិសេសប្រជាពលរដ្ឋត្រូវវេចខ្ចប់សំរាមទុកដាក់ឲ្យបានត្រឹមត្រូវ ងាយស្រួលក្រុមហ៊ុនស៊ីនទ្រីមកយក ជាកក្តាមួយកាត់បន្ថយការសំរាមពាសវាលពាសកាលហូរចូលលូ។
នៅក្នុងកិច្ចប្រជុំនេះ អភិបាលរាជធានីភ្នំពេញ បានដាក់វិធានការដល់អាជ្ញាធរខណ្ឌ ត្រូវស្តារអណ្តូងលូទាំងអស់ដែលមានការកកស្ទះ ភក់ល្បាប់ដី និងសំរាម។ វិធានការមួយទៀត គឺការដាក់អណ្តូងលូថ្មីបន្ថែមទៀត អមសងខាងផ្លូវ នៅតាមតំបន់មួយចំនួនដែលមានការខ្វះខាត ផលប្រយោជន៍នៃការដាក់អណ្តូងលូអមសងខាងផ្លូវនេះ ជាការកាត់បន្ថយស្ទះទឹក និងស្តុកទឹក នៅពេលដែលមានភ្លៀងជន់លិចខ្លាំង ហើយទឹកបានធ្លាក់ចូលក្នុងអណ្តូងលូមួយចំនួនចំណែក និងចូលក្នុងលូហូរចេញផងដែរ។
នៅតាមទីតាំងមួយចំនួនមានបណ្តាញលូហើយ ប៉ុន្តែនៅតាមផ្ទះប្រជាពលរដ្ឋមិនទាន់បានតភ្ជាប់ចូលក្នុងបណ្តាញលូធំ ឲ្យបានល្អ ហើយចៀសវាងភាពអសកម្មមួយចំនួន។ ការងារជីកប្រឡាយថ្មី ការងារស្តារប្រឡាយចាស់ ការបុកជញ្ជាំងបេតុង បានរៀបចំនិងបានដាក់ទិសដៅដល់មន្ទីរសាធារណការសិក្សាការងារនេះ ដើម្បីឲ្យប្រឡាយបានធំទូលាយល្អ ទឹកបានហូរលឿនមិនមានឧបសគ្គរាំងស្ទះ ចូលទៅស្តានីយ៍បូមទឹក។ ការងារស្ថានីយ៍បូមទឹក ត្រូវតែបង្កើតសមត្ថភាពបូមទឹក ដូចជាដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀត និងបង្កើតស្ថានីយ៍បូមទឹកបន្ថែមទៀត ដើម្បីជាចំណែកមួយជួយរំដោះទឹក មុនពេលរដូវវស្សាចូលមកដល់៕