(ប៉ារីស)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសបារាំង រួមទាំងសមាជិកសមាជិកា បានរួមគ្នាប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៦ថ្ងៃបង្កើតបក្ស និងអបអរសាទរជ័យជំនះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កត់ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរ សមាជិកសមាជិកា និងប្អូនៗ ជាយុវជនចូលរួមប្រមាណ៣០០នាក់។
ពិធីអបអរសាទរនេះ មានការចូលរួមពីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដោយអមជាមួយលោក ចែម វីឌ្យ៉ា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសបារាំង លោកស្រី ខេង សំវ៉ាដា ប្រាក់សុខុន និលោក ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រចាំនៅទ្វីបអឺរ៉ុប តំណាងលោក ហ៊ុន ម៉ាណែត។
ជាមួយគ្នានោះ សមាជិកគណបក្សប្រជាជនកម្ពុជា បានសម្តែងទឹកចិត្តសប្បាយរីករាយ និងក្នុងឆន្ទៈគាំទ្រ យ៉ាងពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា បានប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ឆ្នាំថ្ងៃបង្កើតគណបក្ស និងដើម្បីអបអរសាទរនូវជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤កន្លងមកថ្មីៗ។
ពិធីប្រារព្វខួបអនុស្សាវរីយ៏លើកទី៦៦ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជននេះ មានរៀបចំឡើងចំនួន៣ កន្លែងផ្សេងទៀត ដោយមានការចូលរួមពីសមាជិក សមាជិកាបក្សយ៉ាងច្រើនកុះករគឺ នៅ តំបន់ Nancy, Metz Saint-Avold ,Toulouse និង Lyon។
ក្នុងកម្មវិធីនោះដែរ ក៏មានការអានសន្ទរកថានិង ថ្លែងនូវសារនយោបាយមួយចំនួន អំពីសមិទ្ធិផល និងស្នាដៃធំៗ ជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា បានពុះពារគ្រប់ឧបសគ្គកន្លងមក រហូតធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៌ រីកចម្រើនជាបន្តបន្ទាប់។
ផ្សាភ្ជាប់ជាមួយស្នាដៃធំៗជាច្រើន របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសមាន ស្ថេរភាពនយោបាយ សុខសន្តិភាព ជាលទ្ធផលបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា និងប្តេជ្ញាចិត្តដើរតាមមាគ៌ាគណបក្សប្រជាជនកម្ពុជា ជារៀងរហូត៕