(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានអះអាងថា ត្រៀមខ្លួនជានិច្ចសម្រាប់ជួយលើកកម្ពស់វិស័យការពារជាតិកម្ពុជា ជាពិសេសសមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិតែម្តង ខណៈបច្ចុប្បន្នជប៉ុនបានកំពុងជួយបណ្តុះបណ្តាលជំនាញនេះយ៉ាងសកម្ម។
ថ្លែងនៅក្នុងកិច្ចជំនួបជាមួយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក Takeshi ISHKAWA បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងវិស័យការពារជាតិជប៉ុន និងកម្ពុជាបានកំពុងតែជិតស្និតយ៉ាងខ្លាំង ជាពិសេសរវាងកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិតែម្តង យ៉ាងណាក្តីជប៉ុននៅតែត្រៀមខ្លួនជានិច្ច សម្រាប់ជួយដល់កម្ពុជាលើគ្រប់វិស័យ។
លោក Takeshi ISHKAWA បានបន្តទៀតថា ជប៉ុនបានជួយផ្តល់នូវសម្ភារៈ និងបច្ចេកទេសជាច្រើនដល់កម្ពុជាលើវិស័យដោះមីន និងជួយបណ្តុះបណ្តាលផ្នែកជំនាញវិស្វកម្ម ពេទ្យ និងជំនាញជាច្រើនទៀត ដល់មជ្ឈមណ្ឌលកងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា។
នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងថា ជប៉ុនតែងតែជួយដល់កម្ពុជាជានិច្ច មិនថាវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ ឬវិស័យការពារជាតិនោះឡើយ ហើយរាល់ជំនួយដែលជប៉ុនបានផ្តល់នេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា មិត្តភាពរវាងកម្ពុជា និងជប៉ុនបន្តស្ថិតស្ថេរគ្មានថ្ងៃថយក្រោយនោះឡើយ។
បន្ថែមពីនេះ រដ្ឋលេខាធិការរូបនេះ ក៏បានថ្លែងអំណរអគុណដល់ប្រទេសជប៉ុន ដែលបានជួយដល់កម្ពុជានាពេលកន្លងមក ក៏ដូចជាទៅអនាគតទៀតសម្រាប់លើកកម្ពស់វិស័យការពារជាតិកម្ពុជា ជាពិសេសលើជំនាញកងកម្លាំងមួកខៀវនេះតែម្តង។
យ៉ាងណាមិញ លោកលើកឡើងទៀតថា ក្រសួងការពារជាតិកម្ពុជាឯកភាពជានិច្ច ចំពោះបំណងដ៏ល្អរបស់ជប៉ុន ដែលបានសន្យាជួយដល់កម្ពុជានោះ៕