(ភ្នំពេញ)៖ ក្រោមការរៀបចំរបស់ផ្នែកកិច្ចការសាធារណៈ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ហៅសាលាក្តីខ្មែរក្រហម) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ មានព្រះសង្ឃជាង៣០០អង្គមកពីវត្តនានា ក្នុងខេត្តកំពង់ស្ពឺ បាននិមន្តមកធ្វើទស្សនកិច្ច សិក្សាស្វែងយល់ពីដំណើរការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម និងទស្សនាសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងវាលពិឃាតបឹងជើងឯក។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថា ដំណើរទស្សនកិច្ចរបស់ប្រជាព្រះសង្ឃមកពីខេត្តកំពង់ស្ពឺពេលនេះ ធ្វើឡើងដើម្បីពង្រឹងបន្ថែមនូវការយល់ដឹងអំពីប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យ ពិនិត្យមើលទីតាំងឧក្រិដ្ឋកម្មមួយចំនួន ដែលបន្សល់ទុកពីរបបខ្មែរក្រហម និងការចងចាំរឿងរ៉ាវអតីតកាល ក៏ដូចជាជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ហើយព្រះសង្ឃក៏អាចចូលរួមក្នុងការផ្សព្វផ្សាយពីដំណើរការស្វែងរកការពិត និងយុត្តិធម៌នេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមភូមិឃុំនានា ព្រោះព្រះសង្ឃ ដើរតួនាទីយ៉ាងសំខាន់ក្នុងការងារផ្សព្វផ្សាយ។
លោក នេត្រ ភក្ត្រា បានជម្រាបប្រគេនព្រះសង្ឃអំពីដំណើរការជំនុំជម្រះក្តី នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានកំណត់ដោយ ដែនយុត្តាធិការ របស់តុលាការដោយជំនុំជម្រះក្តី តែទៅលើជនពីរជំពូកប៉ុណ្ណោះ គឺអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុង ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដែលប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ លោក នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា «ការជំនុំជម្រះក្តីនេះ គឺសម្រាប់ប្រជាជនកម្ពុជា»។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ជនជាប់ចោទដែលត្រូវជំនុំជម្រះក្នុងសំណុំរឿង ០០២/០២ មាន នួន ជា ដែលជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន ជាប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ បទចោទនៅក្នុងសំណុំរឿង ០០២/០២ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអនុសញ្ញា ទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើអង្គហេតុជាច្រើនក្នុងនោះ ក៏មានការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តិចំពោះពុទ្ធសាសនិកជនផងដែរ។
លោក នេត្រ ភក្ត្រា បានលើកឡើងថា យោងតាមដីកាដំណោះស្រាយសំណុំរឿង ០០២ បក្សកុម្មុយនីស្តកម្ពុជាបានអនុវត្តគោលការណ៍ ហាមឃាត់មិនឲ្យមាន និងគោរពព្រះពុទ្ធសាសនា។ វត្តអារាម និងព្រះវិហារជាច្រើនត្រូវបានបំផ្លាញចោល ឬត្រូវបានផ្លាស់ប្តូរសម្រាប់គោលដៅផ្សេងៗដូចជាមន្ទីរសន្តិសុខ ទ្រុងជ្រូក រោងបាយរួម មន្ទីរពេទ្យ ឬឃ្លាំង ស្តុកសម្ភារៈ។ ព្រះពុទ្ធបដិមាត្រូវបានគេបំផ្លាញចោល ហើយសូម្បីតែការអុជទៀនធូបក៏ត្រូវបានហាមឃាត់ ផងដែរ។
តាមដីកាដំណោះស្រាយដដែល បក្សកុម្មុយនិស្តកម្ពុជាបានជំរុញឲ្យមានការស្អប់ខ្ពើមព្រះសង្ឃ និងដូនជីដោយបានផ្សព្វផ្សាយថា ព្រះសង្ឃគឺជាប៉ារ៉ាសិត ឈ្លើងជញ្ជក់ឈាម តេនញ៉ា។ ព្រះសង្ឃនិងដូនជីស្ទើរទាំងអស់ត្រូវបានចាប់ផ្សឹក។ ព្រះសង្ឃមួយចំនួនត្រូវបានគំរាមកំហែងដល់អាយុជីវិត ឬត្រូវសម្លាប់ បើសិនជាមិនព្រមធ្វើតាម។ បន្ទាប់ពី ត្រូវផ្សឹកហើយព្រះសង្ឃទាំងនោះត្រូវបង្ខំឲ្យធ្វើពលកម្ម និងធ្វើស្រែចម្ការ។
ការលុបបំបាត់សាសនា ការបំផ្លិចបំផ្លាញវត្តអារាម និងការប្រើប្រាស់វត្តអារាមក្នុងគោលបំណងផ្សេងទៀត។ល។ បានកើតជាទូទៅនៅគ្រប់ខេត្តទាំងអស់ នៃប្រទេសកម្ពុជាក្រោមរបបកម្ពុជាប្រជាធិបតេយ្យ។ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៨៧ នាក់ត្រូវបានប្រកាសទទួលស្គាល់នៅក្នុងបរិបទនៃ «ប្រព្រឹត្តកម្មលើពុទ្ធសាសនិក»។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមរំពឹងថា ព្រះសង្ឃដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា និងការស្តាប់ការធ្វើបាឋកថា និងការទស្សនាទីតាំងឧក្រិដ្ឋកម្មនានានេះ នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទង នឹងរឿងរ៉ាវ ដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម និងពង្រឹងការចងចាំប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងចូលរួមការពារ ទប់ស្កាត់ការវិលត្រឡប់មកវិញនូវសោកនាដកម្ម និងការពារសន្តិភាពដែលកម្ពុជាកំពុងមាននេះផងដែរ។
សូមជម្រាបថា ព្រះសង្ឃ ដែលបាននិមន្តទស្សនាសារៈមន្ទីរប្រល័យពូជសាសន៍ជើងឯង និងគុកទួលស្លែង ក៏បានរៀបចំពិធីសូត្រមន្តឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ត អ្នកស្លាប់បាត់បង់ជីវិតនៅទីនោះប្រមាណជាង ១៥០០០ នាក់ដើម្បីព្រលឹងជនរងគ្រោះទាំងនោះបានស្ងប់ចិត្ត និងឆាប់ចាប់កំណើតសាជាថ្មី៕