(ភ្នំពេញ)៖ នាយករដ្ឋបាលខណ្ឌជ្រោយចង្វារ លោក កៅ សារ៉ាវុធ តំណាងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ បើកការដ្ឋានស្ថាបនាជួសជុលផ្លូវបេតុងឆ្អឹងដែក១ខ្សែ ដែលមានបណ្ដោយ៤០០ម៉ែត្រ ទទឹង៥ម៉ែត្រ សរុប២,០០០ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិខណ្ឌឆ្នាំ២០១៧។
ផ្លូវមួយខ្សែនេះ កសាងភ្ជាប់បន្តចាប់ពីផ្លូវបេតុងមូលនិធិសង្កាត់ ទៅខាងលិច និងខាងកើតជាប់ផ្លូវជាតិលេខ៥ ហើយនិងមានការជួសជុលដាក់បំពង់លូរំដោះទឹកលើផ្លូវទន្លេមេគង្គ១ខ្សែទៀត សរុប៥២៥ម៉ែត្រ រួមជាមួយអណ្ដូងលូចំនួន១៥កន្លែង ដោយស្ថាបនាបន្តពីមូលនិធិសង្កាត់ ស្ថិតនៅក្នុងភូមិបាក់ខែង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីមន្ត្រីសាលាខណ្ឌ សង្កាត់ ដែលពាក់ព័ន្ធមួយចំនួន និងប្រជាពលរដ្ឋជាង១០០នាក់ផងដែរ។
ពិធីបើកការដ្ឋានខាងលើនេះ លោក កៅ សារ៉ាវុធ នាយករដ្ឋបាលខណ្ឌជ្រោយចង្វារ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានធ្វើការកែប្រែផ្លូវដីមួយចំនួនជាបន្តបន្ទាប់ ឲ្យទៅជាផ្លូវបេតុង រួមនិងដាក់ទាំងប្រព័ន្ធលូរំដោះទឹក ស្ទើរតែទូទាំង៥សង្កាត់ទៅហើយ សម្រាប់ខណ្ឌជ្រោយចង្វារ ក្នុងការបំពេញទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ មានភាពងាយស្រួលធ្វើដំណើរ និងអាចបញ្ជៀសការលិចលង់ពីជំនន់ទឹកភ្លៀងផ្សេងៗបាន ដោយក្នុង១ឆ្នាំៗ សាលារាជធានីភ្នំពេញ បានផ្ដល់កញ្ចប់ថវិកាយ៉ាងច្រើនមកសាលាខណ្ឌ ដើម្បីធ្វើការសិក្សាលើគម្រោងដែលមានជាអទិភាព ក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
យ៉ាងណាមិញ ពាក់ព័ន្ធជាមួយឈ្មោះផ្លូវឯណោះវិញ ប្រជាពលរដ្ឋរអ៊ូរទាំ និងស្នើសុំទៅអភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ប្រសិនបើស្ថាបនាដាក់ជាប្រព័ន្ធលូបង្ហូររំដោះទឹក ឬក៏ស្ថាបនាជាផ្លូវបេតុងនាៗក្ដី សូមមេត្តាដាក់ឈ្មោះផ្លូវនោះឲ្យត្រឹមត្រូវផង ជាក់ស្ដែងផ្លូវនេះជាមានឈ្មោះថា «ផ្លូវធីឆាក្ដៅទៅវិញ» គឺមិនសាកសមទេ។
ដូច្នេះហើយពលរដ្ឋ ស្នើឲ្យថ្នាក់ដឹកនាំខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ សូមជួយដាក់ឈ្មោះផ្លូវនេះ ឲ្យបានត្រឹមត្រូវផង ជៀសវាងការដាក់ឈ្មោះដែលមិនត្រឹមត្រូវបែបនេះ៕