(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនីៅអាស៊ី (ICAPP) លើកទី២៨ នៅប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន, ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរាបជូនសមាជិក សមាជិការ ថ្នាក់ដឹកនាំគណបក្សនេះ និងសាធារណជន អំពីសមិទ្ធផលអន្តរជាតិថ្មីៗ ដែលគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សម្រេចបាននៅក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ របស់សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី២៨ នៅថ្ងៃទី៧-៩ ខែកក្កដា ឆ្នាំ២០១៧ នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង គឺពិតជាបានបង្កើនតម្លៃ និងតួនាទីដឹកនាំបន្ថែមទៀតដល់ គណបក្សប្រជាជនកម្ពុជា  នៅលើវេទិកាគណបក្ស នយោបាយអន្តរជាតិ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា នៅក្នុងដំណើការនៃកិច្ចប្រជុំនេះ គណបក្សប្រជាជនកម្ពុជា បានទទួលនូវតួនាទី និងការគាំទ្រជាឯកច្ឆ័ន ក្នុងការដឹកនាំវេទិកាចំនួន៤ ដូចតទៅ៖

១៖ គណៈអចិន្រ្តៃយ៍ ICAPP បានអនុម័តគ្រាំទ្រ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាអនុប្រធានគណៈអចិន្រ្តៃយ៍ តាមសំណើរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ហើយអង្គប្រជុំ ក៏បានជើសតាំងអនុប្រធានគណៈអចិន្រ្តៃយ៍២រូបបន្ថែមទៀត ដែលមានតំណាងមកពីគណបក្សកុម្មុយនីស្តចិន និងគណបក្សសម្ព័ន្ធម៉ូស្លីមប៉ាគីស្ថាន។

២៖ គណៈអចិន្រ្តៃយ៍ ICAPP បានសម្រេចគាំទ្រគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលវប្បធម៌អាស៊ីរបស់ ICAPP អមដោយអនុប្រធាន៣រូប ដែលមាន តំណាងមកពីប្រទេសចិន សហព័ន្ធរុស្ស៊ី និងសហព័ន្ធនេប៉ាល់។

៣៖ ក្រុមគណបក្សនយោបាយនៅអាស៊ី និងក្រុមគណបក្សនយោបាយនៅអឺរ៉ុប បានសម្រេចជ្រើសតាំង សហប្រធានវេទិកានយោបាយអាស៊ី-អឺរ៉ុប សម្រាប់អាណត្តិទី១ ចំនួន២រូប គឺ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង តំណាងឱ្យក្រុមគណបក្សនយោបាយនៅអាស៊ី និង លោក Geoffery Van Orden តំណាងឱ្យក្រុមគណបក្សនយោបាយនៅអឺរ៉ុប ។

៤៖ វេទិកាសារព័ត៌មាននៃគណបក្សនយោបាយនៅអាស៊ី បានជ្រើសតាំងប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជាអនុប្រធានវេទិកាសារព័ត៌មាន ដែលមាន តំណាងមកពីប្រទេសហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ ជាសហប្រធាន។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការសម្រេចកិច្ចការទាំងនេះ គឺជាតម្លៃ និងយុត្តិធម៌ថ្មីមួយទៀត ដែលគណបក្សនយោបាយ នៅអាស៊ី និងគណបក្សនយោបាយនៅអឺរ៉ុប ផ្តល់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍ និងដឹកនាំប្រទេសកម្ពុជា តាមមាគ៌ាប្រជាធិបតេយ្យ ហើយការពារបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕