(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ កងយោធពលខេរភូមិ ប៉ុស្ដិ៍លេខ៥ បានរៀបចំពិធីក្រុងពាលី ចេញថតរឿងភាពថ្មីមួយទៀត មានចំណងជើងថា «នេះឬជីវិត» នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយរឿងថ្មីនេះ មានការច្របាច់បញ្ចូលគ្នា រវាងផលិតករខ្មែរ និងផលិតករមកពីប្រទេសថៃ ធ្វើការសហការគ្នា ដឹកនាំសម្ដែង ខណៈមានរឿងភាគជាច្រើនមកហើយ ទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន។
លោក ស៊ិន សុផាត ប្រធានគ្រប់គ្រងការផលិតកម្មវិធី ប្រចាំស្ថានីយទូរទស្សន៍កងយោធពលខេរភូមិ ប៉ុស្ដិ៍លេខ៥ បានថ្លែងប្រាប់ឲ្យដឹងថា រឿង «នេះឬជីវិត» ជារឿងទី៨ហើយ សម្រាប់ប៉ុស្ដិ៍លេខ៥ ខណៈរឿងមួយចំនួននាពេលកន្លងមក ដែលបានថតដាក់បញ្ចាំងជាបន្តបន្ទាប់ ទទួលបានជោគជ័យច្រើន។ រឿងភាគនេះ ក៏មិនខុសពីរឿងភាគមុនៗដែរ គឺយើងមានអ្នកដឹកនាំសម្ដែងមកពីប្រទេសថៃ សហការជាមួយផលិតករខ្មែរយើង ដើម្បីជួយធ្វើយ៉ាងណា ឲ្យភាពយន្តនេះ កាន់តែល្អប្រសើរជាងមុន។ លោកថា ធម្មតាការផលិតភាពយន្តរបស់យើង ទោះបីមានលក្ខណៈល្អប្រសើរហើយក្ដី ក៏នៅមានខ្វះខាតចន្លោះណាមួយដែរ ដូច្នេះយើងមានផលិតករមកពីប្រទេសថៃ ជួយជ្រោមជ្រែង និងណែនាំសហការគ្នាបន្ថែមទៀត។
លោកបន្តទៀតថា ភាពយន្តរឿង «នេះឬជីវិត» មានចំនួន៣០ភាគ និងជាប្រភេទរឿងឆ្លុះបញ្ចាំងពីជីវិត រស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ននេះ ក្នុងនោះក៏មានបង្កប់ការអប់រំជាច្រើន បង្ហាញពីមនុស្សដែលធ្វើបាប នឹងទទួលបាបយ៉ាងទាន់ហន់ មិនចាំបាច់ជាតិមុខ ឬជាតិក្រោយនោះទេ។ យ៉ាងណាមិញការផលិតភាពយន្ត ដាក់បញ្ចាំងក្នុងម៉ោងមាស (ម៉ោង៧ដល់ម៉ោង៩យប់) របស់ស្ថានីយទូរទស្សន៍ កងយោធពលខេរភូមិ ប៉ុស្ដិ៍លេខ៥ មិនទាន់បំពេញតាមតម្រូវការ១០០%នោះទេ។ ដូច្នេះត្រូវការផលិតរឿងឡើង ជាបន្តបន្ទាប់ និងយកចិត្តទុកដាក់ខ្ពស់ទៅលើ គុណភាព នៃការសម្ដែង បច្ចេកទេស តួសម្ដែង និងសាច់រឿងជាដើម។
លោក ស៊ិន សុផាត បានសង្កត់ធ្ងន់ថា ជាមួយគ្នានេះ រឿង «នេះឬជីវិត» ក៏ត្រូវបានសម្រិតសម្រាំងឡើង យ៉ាងយកចិត្តទុកដាក់បំផុត ទាំងការជ្រើសរើសតួសម្ដែង ទីតាំងថត ឆ្អឹងរឿង បច្ចេកទេស និងអ្នកដឹកនាំសម្ដែងជាដើម ដើម្បីឲ្យផ្ទៃរឿងមានភាពទាក់ទាញ និងទទួលបានការគាំទ្រ ពីទស្សនិកជន។
សូមបញ្ជាក់ថា រឿងភាគ «នេះឬជីវិត» មានការចូលរួមសម្ដែងដោយ លោក ម៉ុន សុផុន ហៅ ណាខុន ជាតួឯកប្រុស និងកញ្ញា យ៉ែម ស្រីពេជ្រ ជាតួឯកស្រី។ ក្នុងនោះ មានតារាសម្ដែងល្បីៗ ជាច្រើនទៀតរួមមាន អ្នកនាង ឆៃ លីដាឡែន, កញ្ញា នីតា វរវង្ស ,កញ្ញា ញឹម ចាន់ថន, លោក ខាត់ មែ ហៅ នាយ ឆ្អឹង, កញ្ញា ខូវ គឹមឡាង , លោក ជា សំណាង, លោក ហេង កែវជំនោ, កញ្ញា ភិន វណ្ណនិកា ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត៕