(ភ្នំពេញ)៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ ចំនួនកម្មករទទួលរងគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ ក្នុងនោះកម្មករស្លាប់ថយចុះចំនួន ១៧នាក់ ស្មើនឹង ៤០% របួសធ្ងន់ថយចុះចំនួន ២០៤នាក់ ស្មើនឹង៥០% និងរបួសស្រាលថយចុះចំនួន១០២៥នាក់ ស្មើនឹង៤៣%។
លោក ជាវ ប៊ុនរិទ្ធ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ប.ស.ស មានរោងចក្រចំនួន៩,១៦៥រោងចក្រ និងកម្មករចំនួន ១,១៦៦,៧៥៦នាក់ ជាសមាជិក។ ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ កម្មករដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតចំនួន២៥នាក់ របួសធ្ងន់ចំនួន ២០៨នាក់ និងរបួសស្រាលចំនួន ១៣៧០នាក់ ចំនួននេះ មានការថយចុះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦ កន្លងទៅ។
មូលហេតុដែលបណ្តាលឱ្យកម្មករ-កម្មការិនី ទទួលរងគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែង កត្តាយានយន្ត កត្តាផ្លូវថ្នល់ មិនគោរពសិទ្ធិអាទិភាព បើកបរមិនប្រកាន់ស្តាំ បើកបរក្នុងពេលស្រវឹង និងកត្តាផ្សេងៗទៀត។
ជាមួយគ្នានេះ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ ក៏បានបន្តចាត់វិធានការយ៉ាងតឹងរឹងបំផុត ក្នុងការចុះផ្សព្វផ្សាយច្បាប់ដល់កម្មករ រួមមាន៖
* ចុះផ្សព្វផ្សាយអប់រំកម្មករនៅតាមរោងចក្រ
* ចុះផ្សព្វផ្សាយអប់រំកម្មករនៅតាមផ្ទះជួល និងបន្ទប់ជួល
* ចុះផ្សព្វផ្សាយអប់រំកម្មករនៅតាមសាលាឃុំ-សង្កាត់ សាលាខណ្ឌ-ក្រុង-ស្រុក អធិការដ្ឋានខណ្ឌ-ក្រុង-ស្រុក
* ចុះបណ្តុះបណ្តាលជនបង្គោលជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ដល់តំណាងកម្មករ
* ចុះបណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះបឋមដល់តំណាងកម្មករ
* ចុះបណ្តុះបណ្តាលប្រឡងផ្តល់បណ្ណបើកបរជូនអ្នកបើកបររថយន្តដឹកកម្មករ ដែលគ្មានបណ្ណបើកបរ
* ចុះបណ្តុះបណ្តាលប្រឡងផ្តល់បណ្ណបើកបរជូនអ្នកបើកបររថយន្តដឹកកម្មករ ឱ្យស្របតាមប្រភេទយានយន្ត។ វិធានការទាំងនេះហើយ ដែលធ្វើឱ្យមានការថយចុះនៃចំនួនកម្មករ-កម្មការិនី គ្រោះថ្នាក់ចរាចរណ៍កន្លងមក។
ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត ប.ស.ស នៃក្រសួងការងារ នឹងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ច ដើម្បីបន្តចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពធ្វើដំណើរជូនដល់បងប្អូនកម្មករ និងអ្នកបើកបររថយន្តដឹកកម្មករ៕