(ភ្នំពេញ)៖ រូបភាពជួបជុំក្រុមគ្រួសារចំនួន ២៤សន្លឹក ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះលើទំព័រ Facebook របស់សម្តេចនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។
ត្រឹមរយៈពេលប្រមាណ១៧ម៉ោង (គិតត្រឹមម៉ោង១១៖២០ព្រឹកនេះ) រូបភាពបង្ហាញពីភាពស្និទ្ធស្នាល និងផ្អែមល្ហែមរវាងសម្តេចតេជោ ហ៊ុន សែន និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយកូនបង្កើត និងកូនប្រសារ ចៅៗ ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាផងនោះ ទទួលបានអ្នកចុច «Like» ចុចស្រឡាញ់ (Love) ជាង៧ម៉ឺន៤ពាន់នាក់ មានអ្នកចែកចាយបន្ត (Share) រហូតដល់ទៅ១០,៧១៥នាក់។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ថែមទៀតនោះ រូបភាពនេះ ទទួលបានពាក្យពេចន៍ជូនពរ និងបង្ហាញពីក្តីគោរពស្រឡាញ់ពីសំណាក់លេងបណ្តាញសង្គម Facebook ចំពោះសម្តេច និងក្រុមគ្រួសាររហូតដល់ទៅជាង ៤,០២០ មតិយោបល់ (Comments)។
យោងតាមអ្នកគ្រប់គ្រងទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រូបភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហាញនាថ្ងៃម្សិលមិញនេះ គឺទទួលបានការគាំទ្រច្រើនលើសលុបបំផុត បើធៀបនិងការបង្ហោះនាពេលកន្លងទៅ។ បើតាមអ្នកគ្រប់គ្រង Facebook រូបនេះបានឲ្យដឹងថា រូបភាពនេះទទួលបាន អ្នកចូលមើលរហូតដល់ទៅជាង១,៥៥១,៩៥២នាក់។
ការបង្ហាញរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃម្សិលមិញនេះ បានធ្វើឡើងឆ្លើយតបអ្នកលេងបណ្តាញសង្គម Facebook ម្នាក់កំពុងរស់នៅក្រៅប្រទេស និងមាននិន្នាការគាំទ្រគណបក្សសង្រ្គោះជាតិ ហើយតែងតែរិះគន់រាជរដ្ឋាភិបាលម្នាក់ ដែលបានសរសេរលើបណ្តាញសង្គមក្នុងន័យញុះញង់ និងប្រមាថ ដល់អាយុជីវិតរបស់សម្តេច ថែមទាំងបានដាក់មន្ទិលសង្ស័យចង់ដឹងពីវត្តមានរបស់សម្តេចថែមទៀតផង។
ជាមួយនិងរូបភាពនេះ សម្តេចតេជោ ក៏បានឆ្លៀតឆ្លើយតបផងដែរ ដោយលើកជាសំណួរថា «តើខ្ញុំមានសិទ្ធិសប្បាយរីករាយជួបជុំកូនចៅដូចក្នុងរូបថតនេះដែរឬទេ? តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នាពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?»។ សម្តេចបន្តថា «ទោះខ្ញុំផ្ទេរសិទ្ធិឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាពដឹកនាំកិច្ចការប្រទេសជាតិពិសេសបង្រ្កាបលើការបង្កចលាចលរបស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិបានដែរ បើចង់ដឹងសុំសាកល្បងមើល Sic!»៕