(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ​ ជួន ណារិន្ទ បានបន្តប្រតិបត្តិការបង្ក្រាបជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿង ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិចំការហ្លូង ឃុំចំការហ្លួង ស្រុកកំពង់សីលា។

នគរបាលស្រុកកំពង់សីលា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុខនឹងឈានទៅដល់ការបង្រាបជនសង្ស័យ​ខាងលើនេះ កម្លាំងនគរបាលបានធ្វើការ ស្រាវជ្រាវមួយរយៈពេល និងមានការសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ទើបឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន​២នាក់ ក្នុងចំណោម៣នាក់ នៅចំណុចមូលដ្ឋានខាងលើ។

នគរបាលដដែលបានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបាន ក្នុងករណីជួញដូរគ្រឿងញៀនខាងលើមានទី៖១ ឈ្មោះ វ៉ាន់ សារ៉ាត់ អាយុ២៧ ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិស្ទឹងឆាយក្រោម ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង និងទី៖២ឈ្មោះ ប៊ិន ជីវន្ត អាយុ១៧ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅមូលដ្ឋានខាងលើ។ វត្ថុតាងដកហូតបានរួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក ( ICE ) មួយកញ្ចប់ធំ។

ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ៖ ១៖ ឈ្មោះ សេង លី ហៅណុច អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្ទឹងឆាយត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ត្រូវសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនដើម្បីយកមក ផ្តន្ទាទោសតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាល បញ្ជូនទៅអធិការដ្ឋានស្រុកកំពង់សីលា ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕