(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ច​ប្រជុំជាថ្មីម្តងទៀត ដើម្បីរកគន្លឹះដោះស្រាយបញ្ហាលិចលង់ នៅក្នុងរាជធានីភ្នំពេញ ក្រោយពេលដែលតំបន់មួយចំនួននៅតែទទួលរងការលិចលង់ ដោយហូរទម្លាក់មកពីបណ្តាខេត្តមួយចំនួន នៅជាប់រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះមានការចូលរួមពី អាជ្ញាធរខណ្ឌ មន្ទីរជំនាញ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ហើយគោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សា តើត្រូវធ្វើយ៉ាងណា ដើម្បីដោះស្រាយឲ្យបាន នូវការលិចលង់នៅតំបន់នេះ ទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងកិច្ចប្រជុំយ៉ាងដូច្នេះថា «បញ្ហារំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង ជាកង្វល់មួយដ៏ធំរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយពាក់ព័ន្ធនឹងបញ្ហានេះ យើងក៏បានស្ថាបនាប្រព័ន្ធលូខ្នាតធំជាច្រើន ខ្សែនៅក្នុងរាជធានីភ្នំពេញផងដែរ ប៉ុន្តែបញ្ហាប្រឈម នៃការលិចលង់ នៅកើតមានដដែលជាដដែល។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំជាមួយជំនាញពាក់ព័ន្ធដោះស្រាយបញ្ហានេះឲ្យបានល្អប្រសើរ»

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ​​នេះ ក្រោយប្រកាសជាផ្លូវការជាអភិបាល​រាជធានី​ភ្នំពេញ​​ថ្មី លោក ឃួ​ង ស្រេង ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យមើល​សកម្មភាព​កាយ​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ប្រឡាយ​ស្ទឹងមានជ័យ មាន​ប្រវែង​១,៩០០​ម៉ែត្រ និង​មាន​សារៈសំខាន់​ណាស់ ក្នុងការ​ដោះស្រាយ​ជំនន់​ទឹកភ្លៀង​ចេញពី​តំបន់​ព្រលានយន្តហោះ ផ្លូវ​២០០៤ ផ្លូវ​២០០២ និង​តំបន់​ស្ទឹងមានជ័យ ដោយ​ទំលាក់​ទឹក​ទៅ​ស្ថានីយ៍​បឹងទំពុន​៕