(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានចេញលិខិតអបអរសាទរ កោតសរសើរ និងសម្តែងនូវការចងចាំទុកនូវគុណបំណាច់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំលើកស្ទួយតម្លៃ បេតិកភណ្ឌវប្បធម៌ល្បីរន្ធឺនៅលើឆាកអន្តរជាតិ និងនាំមកនូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍខ្លាំងក្លាជូនជាតិមាតុភូមិ។
លិខិតអបអរសាទរ និងកោតសរសើររបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើឡើងបន្ទាប់ពី ប្រាសាសំបូរព្រៃគុក ត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
គណបក្សប្រជាជនកម្ពុជា ក៏បានប្តេជ្ញាចូលរួមអភិរក្ស និងអភិវឌ្ឍ នូវរាល់មរតកបេតិកភណ្ឌវប្បធម៌ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់។
សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។
ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។
សំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ។
បច្ចុប្បន្នប្រាសាទទាំងនេះ បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋនៅទីនេះទៀតផង៕