(ព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់ ចេញពីខារ៉ាអូខេស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បានបើករថយន្ដបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសមនុស្ស២នាក់ និងខ្ទេចម៉ូតូ៩គ្រឿង រថយន្ដ១គ្រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវេលាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ​លើ​ផ្លូវ​៧មករា ចំណុច​​ជិត​ភោជនីយដ្ឋាន​សួនសុបិន្ត​ ស្ថិតនៅ​ក្នុង​ភូមិ៤ សង្កាត់​លេខ​៤ ក្រុង​​​ព្រះសីហនុ​។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ​​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ​​រថយន្ត១គ្រឿង​ ម៉ាក​​LEXUS​ RX300 ​បើកបរ​ដោយ​​បុរសជនជាតិ​ចិន​ ឈ្មោះ​ លី​ សៀវម៉ីង​ អាយុ​២៥ឆ្នាំ​ មុខរបរ​​បុគ្គលិក​កាស៊ីណូ​លើភ្នំ ដោយបើកចេញ​​ពី​ផឹកស៊ី​នៅ​ខារ៉ាអូខេ លុះដល់ចំណុច​ខាងលើ​ក៏​បាន​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​នៅក្បែរ​ផ្លូវ​​បណ្ដាល​​ឲ្យ​រងរបួស​មនុស្ស​ចំនួន​២នាក់​​ ខូចខាត​ម៉ូតូ​ចំនួន​៩គ្រឿង​ រថយន្ត​១គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​​។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ បានចុះទៅដល់ភ្លាម ដោយយកអ្នក​បើកបរ​រថយន្តមកពិនិត្យ រកឃើញ​​​​ជាតិ​អាល់កុល​ ០,៦០mlg\L​ ហើយបាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​​​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ដើម្បី​ចាត់ការ​តាម​ច្បាប់៕