(ភ្នំពេញ)៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សមភាពចម្រុះមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្រ្តីជំនាញ ក្រុមហ៊ុន ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សារិះរកវិធីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសក្នុងរាជធានីភ្នំពេញ។
បើតាមលោក មាន ចាន់យ៉ាដា ក្នុងកិច្ចពិភាក្សានោះ បានយកចិត្តទុកដាក់ជាចម្បងទៅលើការគ្រប់គ្រងកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ ព្រោះកាមេរ៉ាសុវត្ថិភាពដែលកំពុងបំពាក់នៅតាមទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ គឺមានសារៈសំខាន់ណាស់ សម្រាប់ឆ្លើយតបនូវតម្រូវការផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងបម្រើដល់គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព។
លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា នឹងមានការដាក់មន្ដ្រីត្រួតពិនិត្យ និងតាមដានកាមេរ៉ាសុវត្ថិភាព ២៤ម៉ោង ប្រព័ន្ធលេខទូរស័ព្ទទាន់ហេតុការណ៍ កម្លាំងប្រតិបត្ដិការ និងទីតាំងផ្ទុកព័ត៌មាន ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពក្នុងការឆ្លើយតបក្នុងការរួមចំណែកកាត់បន្ថយបទល្មើសនានា ជាពិសេសសម្រួលដល់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ដែរថា បន្ថែមពីលើកាមេរ៉ាសុវត្ថិភាពដែលមានស្រាប់របស់អគ្គស្នងការដ្ឋាននគរបាលជាតិនោះ រដ្ឋបាលរាជធានីភ្នំពញ ក៏កំពុងមានកាមេរ៉ាចំនួន ៦០០គ្រឿង ដែលត្រូវបានដំឡើងរួចរាល់ហើយ ក្នុងនោះកាមេរ៉ាចំនួន៤៤៦ គឺកំពុងតែដំណើរការ។ ដោយឡែកកាមេរ៉ាចំនួន១៥៤ គឺកំពុងរងចាំបណ្ដាញតភ្ជាប់បណ្ដាញដោយទីតាំងទាំងនោះមានការដ្ឋានពង្រីកផ្លូវ ព្រមទាំងមានការប្ដូរទីតាំងចែកចាយ។
សូមបញ្ជាក់ថា វិធានការលើកាត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព និងវិធានការផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើស និងបង្រ្កាបបទល្មើសក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលទើបឡើងកាន់តំណែងបានចាប់យកបញ្ហារក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាកត្តាចម្បង។ លោកអភិបាល ក៏បានអំពាវនាវឲ្យមានវិធានការក្តៅចំពោះបទល្មើសនានានៅក្នុងរាជធានីភ្នំពេញ៕