(ភ្នំពេញ)៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧នេះ គឺជាគម្រប់ខួបមួយឆ្នាំនៃការស្លាប់របស់បណ្ឌិត កែម ឡី! ខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថាឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួន និងជំនុំជម្រះក្តីពី «បទឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់» ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត។ តុលាការក៏បាន និងកំពុងដំណើរការសំណុំរឿងមួយទៀតទាក់ទងនឹងបទលាក់ទុក និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ហើយកំពុងត្រូវបានស៊ើបអង្កេត ដើម្បីអាចស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតជាមួយ ជួប សម្លាប់ យកមកផ្ដន្ទាទោស? នេះមិនមែនមានន័យថា សំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី នេះបិទបញ្ចប់ត្រឹមនេះឡើយ ការស៊ើបអង្កេតនៅតែបន្តជានិច្ច។
មួយឆ្នាំក្រោយពីរឿងរ៉ាវឃាតកម្មនេះកើតឡើង អ្នកដែលគាំទ្របណ្ឌិត កែម ឡី នៅតែស្រែកថាឯណាឃាតកពិត តើយុត្តិធម៌នៅឯណា? ទោះបីជា កែម ឡី និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៥ ចន ឃិនឌី (John F. Kennedy) ជាមនុស្សមានឋានៈខុសគ្នា ប៉ុន្តែការស្លាប់របស់ពួកគាត់ គឺដោយការធ្វើឃាតបាញ់សម្លាប់ដូចគ្នា។
តើគេអាចប្រៀបធៀបគ្នាលើចំណុចអ្វីខ្លះលើសំណុំរឿងទាំង ២ នេះ?
១៖ គ្រប់ៗគ្នាទាំងរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រជាជនកម្ពុជាទាំងអ្នកដែលមានទស្សនៈ និងការយល់ឃើញដូចគាត់ និងអ្នកដែលមានទស្សនៈ និងការយល់ឃើញខុសពីបណ្ឌិត កែម ឡី បានថ្កោលទោសចំពោះឃាតកម្មលើរូបបណ្ឌិត កែម ឡី ហើយគ្មាននរណាដែលមិនថ្កោលទោសទេ។ ឃាតកម្មលើប្រធានាធិបតីអាមរិក ចន ឃិនឌី បានកក្រើកពិភពលោក និងត្រូវបានគេចាត់ទុកថា ជាសំណុំរឿងឃាតកម្មធំជាងគេនៅក្នុង សតវត្សរ៍ទី២០ ហើយត្រូវបានផ្តន្ទាទោសព្រមទាំងបានបង្ហាញពីការឈឺចុកចាប់ និងសោកសង្រេងយ៉ាងខ្លាំងពីប្រជាជនអាមេរិក និងពិភពលោកទាំងមូល។ ការស្លាប់របស់បណ្ឌិត កែម ឡី ក៏ដូចជាលោក ចន ឃិនឌី គ្មាននរណាមិនឈឺចាប់ឡើយ គ្មាននរណាអាចទប់ទឹកភ្នែកបាននូវការបាត់បង់មនុស្សជាទីស្រឡាញ់ និងជាទីគោរពរបស់ខ្លួនទេ។
២៖ ឃាតកដែលបានបាញ់សម្លាប់បណ្ឌិត កែម ឡី ត្រូវបានចាប់ជាក់ស្តែង និងមានវីដេអូបង្ហាញ ឃាតកត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ បានសារភាពប្រាប់តុលាការថា ដើមហេតុនៃអំពើឃាតកម្មនេះ គឺដោយសារខ្លួនខឹងនឹងបណ្ឌិត កែម ឡី ដែលឆបោកលុយ ៣ពាន់ដុល្លារ និងមិនគោរពតាមពាក្យសន្យាសង់ផ្ទះឲ្យខ្លួន នៅតំបន់បឹងត្រកួនជាប់ព្រំដែនថៃ។
ឃាតកដែលបានបាញ់សម្លាប់លោក ចន ឃិនឌី ឈ្មោះ Lee Harvey Oswald ត្រូវបានចាប់ខ្លួន និងបានចោទប្រកាន់ថា បានសម្លាប់ប្រធានាធិបតី ចន ឃិនឌី និងមន្ត្រីប៉ូលិសម្នាក់ទៀត ប៉ុន្តែអកុសលនៅអំឡុងពេលនៃការបញ្ចូនឃាតក ទៅមន្ទីរឃុំឃាំងថ្នាក់ជាតិ ជនសង្ស័យ (ឃាតក) ជាប៉ូលិសទីក្រុងដាឡាស ត្រូវបានគេបាញ់សម្លាប់ ដោយអ្នកចាត់ការទូទៅនៅក្លឹបរាត្រីម្នាក់ឈ្មោះ Jack Roby ដែលអះអាងថា ដោយសារតែខ្លួនមានកំហឹងជនរូបនេះសម្លាប់ប្រធានាធិបតី ចន ឃិនឌី។ ការបាញ់សម្លាប់ជនសង្ស័យនេះធ្វើឡើងត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះក្រោយពីការសម្លាប់ ចន ឃិនឌី។
៣៖ ទាំងឃាតកម្មលើប្រធានាធិបតី ចន ឃិនឌី និងឃាតកម្មលើបណ្ឌិត កែម ឡី គ្រប់គ្នាចង់ដឹងថា តើនរណាជាអ្នកនៅក្រោយឃាតកម្មនេះ ឃាតកនេះគឺជានរណាដែរពិតប្រាកដ។ ប៉ុន្តែដរាបណាគ្មានតម្រុយភស្តុតាង ដែលចង្អុលបង្ហាញឱ្យបានច្បាស់លាស់នោះទេ អ្នកនៅពីក្រោយនៃការសម្លាប់លោក កែម ឡី គឺមិនអាចរកឃើញឡើយ។ សមត្ថកិច្ចបានបំបែកសំណុំរឿងមួយទុក ដើម្បីរកអ្នកនៅពីក្រោយថាតើជានរណា? ករណីនេះ តាមការស្តាប់ព័ត៌មានពីក្រៅ និងពីខាងក្នុងតុលាការ ឃាតក អឿត អាង មិនបានសារភាពទាល់តែសោះថា តើអ្នកណានៅពីក្រោយការបាញ់សម្លាប់នេះដោយបានបញ្ជាក់ប្រាប់តុលាការថា គឺខ្លួនឯងតែម្តងជាអ្នកសម្លាប់ដោយផ្តោតលើហេតុផលជំពាក់លុយ ៣០០០ ដុល្លារ។
តើគេអាចធ្វើទារុណកម្មលើ អឿត អាង ដើម្បីបានចម្លើយសារភាពទេ? ចម្លើយគឺទេមិនអាចឡើយ ព្រោះប៉ះពាល់ដល់គោលការណ៍សិទ្ធិមនុស្ស ហើយម្យ៉ាងទៀត ចម្លើយសារភាពដែលបានមកពី ការធ្វើទារុណកម្មមិនអាចយកមកធ្វើភស្តុតាងឡើយ។ ម្យ៉ាងទៀតយោងតាមច្បាប់ ជនជាប់ចោទមានសិទ្ធិមិនឆ្លើយ តបទៅនឹងសំណួរទាំងឡាយដែលខ្លួនយល់ថា ដាក់បន្ទុកលើខ្លួន។ ដើម្បីអាចរកការពិត តើគេត្រូវធ្វើដូចម្តេច?
៤៖ ដោយសារតែសំណុំឃាតកម្មលើបណ្ឌិត កែម ឡី នៅតែបើកនៅឡើយ អ្នកដែលទទួលបាននូវព័ត៌មានពីឃាតកម្ម ឬទាក់ទងនឹងនឹងឃាតក ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី គួរតែផ្តល់ព័ត៌មានពាក់ព័ន្ធទាំងនេះជូនអជ្ញាធរ និងសមត្ថកិច្ចក្នុងគ្រាដែលសមត្ថកិច្ចហាក់មិនទាន់មានពន្លឺបន្ថែមលើករណីឃាតកម្ម ដ៏ចម្រូងចម្រាសនេះនៅឡើយ ជាជាងធ្វើការចោទប្រកាន់ទៅកាន់បុគ្គលណាម្នាក់គ្មានដែលកំហុស និងដោយគ្មានភស្តុតាងពិតដែលអាចធ្វើឲ្យមានទោស ដល់ខ្លួនឯងបាន។ ចំណែកឃាតកម្មលើប្រធានាធិបតី ចន ឃិនឌី ដែលរហូតមកទល់ពេលនេះមានរយៈពេលជិត ៥៤ឆ្នាំហើយ នៅតែមិនអាចរកឃើញអ្នកនៅពីក្រោយខ្នងនៅឡើយទេ ហើយសំណុំរឿងនៅតែបើកនៅឡើយ។ យោងតាមការស្រាវជ្រាវ ស៊ើបអង្កេត និងស្តាប់ចម្លើយសាក្សី មានការសំយោគនិងសន្មត់ផ្សេងៗពីគ្នាជាច្រើន។
អ្នកខ្លះថា បុរសជាខ្មាន់កាំភ្លើងគឺជាឃាតកពិត ប៉ុន្តែមានជនទីពីរដែលជាក្រុមនៃទីភ្នាក់ងារសំអាត់ ជាអ្នកសម្រួលឲ្យមានឃាតកម្មនេះកើតឡើង ដោយការលួចផ្តល់ ការគាំទ្រ និងជំនួយផង។ អ្នកខ្លះថា គ្មាននរណាក្រៅពីក្រុម ម៉ាហ្វីយ៉ា (នៃក្រុមប្រឆាំងរបស់លោកហ្វីដែលកាស្ត្រូ) ដែលនៅពីក្រោយ ហើយអ្នកខ្លះទៀតថា វាជាក្រុមមិនបានគ្រប់គ្រងឲ្យបានហ្មត់ចត់មួយរបស់ទីភ្នាក់ងារ CIA ជាអ្នកបានធ្វើ និងបានរួមចំណែកក្នុងឃាតកម្មមួយនេះ។
មានអង្គភាពស៊ើបអង្កេតជាច្រើនត្រូវបានបង្កើតឡើង និងបានធ្វើការរួមមានក្នុងនោះរួមមាន The Warren Commission (1964) និងក្រោយមកមាន The House Selected Committee on Assassination (1976-1979) ហើយវាត្រូវបានចាត់ទុកថា ជាការស៊ើបអង្កេតឃាតកម្មដ៏សំខាន់បំផុត ក្នុងសតវត្សន៍ទី២០។
របាយការណ៍ចុងក្រោយ គ្មានអ្វីក្រៅពីបញ្ជាក់ថា Lee Harvey Oswald ជាអ្នកដែលបានសម្លាប់ប្រធានាធិបតី ចន ឃិនឌី នៅក្នុងទីក្រុងដាឡាស រដ្ឋតិចសាស់ នៅក្នុងអំឡុងពេល លោកនិងភរិយាជិះរថយន្តលីមូសិ ក្នុងពីធីព្យុះហយាត្រាដ៏កម្រមួយនោះឡើយ។
ជារួមឃាតកម្មលើប្រធានាធិបតីទី៣៥ របស់សហរដ្ឋអាមេរិក នៅតែមិនអាចស្វែងរកអ្នកនៅពីក្រោយបាន បើទោះមានការស្រាវជ្រាវ និងវិភាគបែបវិទ្យសាស្ត្រ ពីអ្នកជំនាញយ៉ាងណាដោយ។ ចំណែកករណីឃាតកម្មបណ្ឌិត កែម ឡី គ្រប់ភាគីទាំងអស់គួរសហការគ្នា អាជ្ញាធរមានសមត្ថកិច្ច បន្តស្វែងរកភស្តុតាង និងតម្រុយបន្ថែម ចំណែកសាធារណៈជន ដែលមានព័ត៌មានពាក់ព័ន្ធ សូមមេត្តាផ្តល់ជូនទៅក្រុមសមត្ថកិច្ច ដើម្បីជ្រោមជ្រែងស្វែងរកយុត្តិធម៌ ជូនលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់គាត់។ គួរចៀសវាងការសាចទឹកដាក់គ្នា ឬចង្អុលការទទួលខុសត្រូវ ទៅបុគ្គលណាផ្សេងតាមការនឹកឃើញរបស់ខ្លួន ដែលរំលោភលើសេចក្តី ថ្លៃថ្នូរ និងគោលការណ៍សច្ចាធារណ៍នៃនិរទោស និងនាំរឿងដល់ខ្លួនថែមទៀតផង នៅពេលដែលផ្សព្វផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ ហើយក៏ត្រូវយល់ថា ដំណើរការសំណុំរឿងក្តីត្រូវអនុវត្តតាមដំណើរការនីតិ វិធីច្បាប់ មិនមែនធ្វើតាមការចង់បានរបស់មនុស្សមួយក្តាប់តូចនោះឡើយ៕