(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល ជំរុញឲ្យមន្ដ្រីក្រោមឱវាទត្រូវពង្រឹងសមត្ថភាពឲ្យបានខ្ពស់ ដើម្បីការពារសន្តិសុខ សណ្តាប់ធា្នប់ ​ជូនប្រជាពលរដ្ឋ ព្រមទាំងលើការ​បង្រ្កាបបទល្មើស មានក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវបន្តពង្រឹងអនុវត្ត បទបញ្ជាផ្ទៃក្នុងកងរាជអាវុធហត្ថ រក្សាសាមគ្គីឯកភាពផ្ទៃក្នុងខ្ពស់។

ថ្លែងក្នុងកិច្ចប្រជុំ​ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារ ប្រចាំឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០១៧ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបញ្ជាក់ដែរថា ប្រសិនបើអង្គភាពចំណុះឲ្យអាវុធហត្ថខេត្តកណ្ដាលទាំងអស់ណា ដែលបង្ក្រាបបទល្មើសបាននឹងត្រូវផ្ដល់រង្វាន់លើទឹកចិត្តផងដែរ។​

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី សំ តុលា បាន​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​លោក ​ម៉ៅ ភិរុណ អភិបាល​ខេត្ត​ និងជាប្រធានគណបញ្ជាការឯកភាពខេត្ត។

បន្ថែមពីនេះ លោកមេបញ្ជាការ បានកោតសរសើរចំពោះស្នាដៃ ដែលកងរាជអាវុធហត្ថខេត្តកណ្តាលបានអនុវត្តកន្លងមក ប៉ុន្ដែលោកថា ត្រូវរៀបចំហ្វឹកហ្វឺន បណ្តុះបណ្តាល កម្លាំងកងរាជអាវុធហត្ថឲ្យចេះប្រើប្រាស់ឧបករណ៍ សម្ភារៈ មធ្យោបាយគ្រឿងបំពាក់ មានភាពស្ទាត់ជំនាញ បម្រើឲ្យបេសកកម្មកងរាជអាវុធហត្ថមានប្រសិទ្ធភាពខ្ពស់ ធានាបានក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ​។

បើតាមលោកមេបញ្ជាការ មន្ដ្រីអាវុធហត្ថទាំងអស់ ត្រូវគ្រប់គ្រងប្រមូលព័ត៌មានសន្តិសុខសង្គមឲ្យបានត្រឹមត្រូវ ពិតប្រាកដ​ច្បាស់លាស់ ការប្រើប្រាស់បណ្តាញសង្គម​ត្រូវឲ្យមានប្រយោជន៍ដល់អង្គភាព៕