(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានពន្យល់ពីអត្ថប្រយោជន៍ និងគុណសម្បត្តិដ៏វិសេសវិសាល ដែលប្រាសាទបុរាណរបស់ប្រជាជាតិខ្មែរ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ស្របពេលដែលប្រាសាទបុរាណខ្មែរចំនួន ៣ធំៗហើយ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ក្នុងនោះរួមមាន៖ ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ និងប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ។
ជាការពិតណាស់ មិនងាយមានប្រាសាទ ឬសំណង់បុរាណណា ត្រូវបានជ្រើសរើសដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ ប៉ុន្តែប្រាសាទបុរាណខ្មែរដ៏អស្ចារ្យទាំង៣នេះ ពិតជាមានលក្ខណៈពិសេសមិនធម្មតាឡើយ ដែលត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់។
ប្រជាពលរដ្ឋខ្មែរមួយចំនួនប្រហែលជាមិនបានយល់ច្បាស់ពីតម្លៃ និងគុណប្រយោជន៍ដ៏លើសលប់ នៃការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកឡើយ បានត្រឹមតែឮឈ្មោះ ឬបានទៅទស្សនាកម្សាន្តប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទើបលោករដ្ឋមន្រ្តី ថោង ខុន បានចូលមកពន្យល់បរិយាយពីអត្ថប្រយោជន៍ និងគុណសម្បត្តិនៃការដាក់បញ្ចូលប្រាសាទបុរាណ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជម្រាបជូនដល់ទស្សនិកជនឲ្យបានជ្រាបពីរឿងនេះ។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា កាលណាប្រាសាទបុរាណណាមួយ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌហើយ គឺមានន័យថា ត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់យ៉ាងវិសេសវិសាលខ្លាំងណាស់ ទន្ទឹមនោះសហគមន៍អន្តរជាតិក៏មានយន្តការអភិរក្ស និងអភិវឌ្ឍន៍នៅតំបន់នោះដែរ ព្រោះបើមានការជួយអភិរក្សហើយ គេក៏ជួយអភិវឌ្ឍផងដែរ ពោលការអភិរក្ស និងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា។
លោកបន្តថា អ្វីដែលពិសេស និងមានគុណប្រយោជន៍សម្រាប់វិស័យទេសចរណ៍នោះ តំបន់បេតិកភណ្ឌទាំងនោះ នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅកាន់ពិភពលោក និងទីផ្សារទេសចរណ៍។ ទេសចរអន្តរជាតិកាន់តែមានការទុកចិត្តខ្លាំង មកលើប្រាសាទរបស់កម្ពុជា និងជួយផ្សព្វផ្សាយបន្តពីតំបន់បេតិកភណ្ឌនោះ ទៅកាន់ទីផ្សារទេសចរអន្តរជាតិផងដែរ។
ម្យ៉ាងវិញទៀត ទេសចរជាតិកម្ពុជាក៏មានមោទនភាពណាស់ដែរ ពីព្រោះប្រាសាទបុរាណរបស់ប្រជាជាតិខ្លួន ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ពិសេសពួកគេពេញចិត្តក្នុងការផ្សព្វផ្សាយពីសក្តានុពលប្រទេសខ្លួន ប្រាប់ទៅកាន់មិត្តភ័ក្តិបរទេស ក៏ដូចជាផ្សព្វផ្សាយទៅកាន់ប្រទេសដទៃ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ (4P) ក៏ត្រូវតែរួមសហការគ្នាខិតខំពង្រីកសក្ដានុពលកាន់តែខ្លាំងថែមទៀត ក្នុងការជួយថែរក្សា និងអភិវឌ្ឍន៍ផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យតំបន់បេតិកភណ្ឌទាំងនោះ កាន់តែមានភាពល្បីល្បាញសុះសាយ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរឲ្យបានច្រើន។
លើសពីនេះ ការជួសជុលប្រាសាទ ក៏ជាយន្តការអនុវត្តរបស់សហគមន៍អន្តរជាតិទាំងនោះផងដែរ ដែលនេះសុទ្ធតែជាអត្ថប្រយោជន៍ពិសេសៗ សម្រាប់តំបន់បេតិកភណ្ឌខ្មែរ ហើយជាមូលហេតុដ៏ធំដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្នើដាក់បញ្ចូលប្រាសាទខ្មែរទាំង៣ធំៗ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូជាបន្តបន្ទាប់។
លោករដ្ឋមន្រ្តី ថោង ខុន ថ្លែងយ៉ាងដូច្នេះថា «យើងក៏អាចរៀបចំជាបណ្ដាញទេសចរណ៍បេតិកភណ្ឌ ភ្ជាប់តំបន់បេតិកភណ្ឌទាំង៣នេះផងដែរ ដើម្បីងាយស្រួលឲ្យភ្ញៀវទេសចរចូលមកទស្សនាប្រទេសកម្ពុជា ជាកញ្ចប់ទស្សនកិច្ច ដែលពីមុនយើងមានតែ២តំបន់ទេ គឺសៀមរាបអង្គរ និងប្រាសាទព្រះវិហារ ហើយឡើងទៅប្រាសាទវត្តភូ ប្រទេសឡាវ តែឥលូវយើងមានប្រាសាទសំបូរព្រៃគុកមួយទៀត យើងនឹងភ្ជាប់តំបន់ប្រាសាទសំបូរព្រៃគុកនេះ ជាមួយបណ្ដាញទេសចរណ៍បេតិកភណ្ឌសៀមរាបអង្គរ និងប្រាសាទព្រះវិហារ ដែលយើងរៀបចំហើយនោះបានទៀតផង»។
ក្នុងនាមជាប្រជាជាតិកម្ពុជា លោករដ្ឋមន្រ្តីមានសេចក្ដីសប្បាយរីករាយណាស់ ក្រោយពេលទទួលបានដំណឹងថា ប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមួយមោទនភាព និងកិត្តិយសជាតិ ដែលជាលទ្ធផលដ៏ធំធេងនៃការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកសង្ឃឹមថា តាមរយៈការដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ នឹងទាក់ទាញទេសចរអន្តរជាតិមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក ក៏ដូចជាតំបន់នានាក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។
ទន្ទឹមការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាពេលថ្មីៗនេះ ក៏មានការយល់ច្រឡំពីសំណាក់មហាជនផងដែរ ពាក់ព័ន្ធនឹងពាក្យសរសេរ «ព្រៃគុក» និង «ព្រៃគុហ៍»។
បញ្ហានេះ ត្រូវបានអ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ ពន្យល់ថា ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» បានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថា ប្រាសាទជាទីកន្លែងសក្ការបូជារបស់ព្រះរាជា គឺមិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ ហើយបច្ចុប្បន្នពាក្យ «គុក» ក៏មានន័យអប់រំចិត្ដដែរ គឺមិនមែនជាទីសម្រាប់សប្បាយនោះទេ។
លោក រត្ន័ សណ្ដាប់ បានអះអាងបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា ពាក្យ «គុក» ជាពាក្យត្រឹមត្រូវនៃប្រាសាទសំបូរព្រៃគុក មានន័យសំដៅទៅលើប្រាសាទ សំណង់ ទីកន្លែងឬទីងងឹត កន្លែងស្ងប់ស្ងាត់អប់រំចិត្ត ចំណែកពាក្យ «គុហ៍» សម្តៅទៅដល់រូងអ្វីមួយ ដូចជារូងភ្នំជាដើម។
ចំណែកមន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានឲ្យដឹងថា ឈ្មោះ «ប្រាសាទសំបូរព្រៃគុក» ត្រូវបានសរសេរជាង១០០ឆ្នាំមកហើយ។ ព្រះរាជក្រឹត្យ ឆ្នាំ២០០៣ ក៏បានសរសេរពាក្យ «គុក» នេះជាផ្លូវការដែរ។
សូមជម្រាបថា ប្រាសាទអង្គរវត្ត ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៧ ហើយប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។ ក្រៅពីសម្បត្តិបេតិកភណ្ឌរូបីទាំង៣នេះ អង្គការយូណេស្កូ ក៏បានសម្រេចដាក់បញ្ចូលរបាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅឆ្នាំ២០០៣ ផងដែរ៕