(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅមុននេះបន្តិច បានចេញសេចក្តីថ្លែងការណ៍ ដោយសម្តែងការព្រួយបារម្ភ ហើយអះអាងថា ការបាញ់មីស៊ីល ឆ្លងទ្វីបរបស់កូរ៉េខាងជើង ជាការរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
តាមលិខិតរបស់ក្រសួងការបរទេស បានសរសេរយ៉ាងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការព្រួយបារម្ភ ចំពោះការបាញ់មីស៊ីលបាលីស្ទីករំលងទ្វីប ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ដែលជាការរំលោភយ៉ាងច្បាស់ ទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ក្រសួងការបរទេស ក៏បានអំពាវនាវ ដល់កូរ៉េខាងជើង គោរពតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធទាំងអស់ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។ បន្ថែមលើនេះ ក្រសួងការបរទេសកម្ពុជា ក៏សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រក្សាភាពអត់ធ្មត់ និងបង្កើតឡើងនូវបរិយាកាសមួយ ដែលនាំដល់ការចាប់ផ្តើមឡើងវិញ យ៉ាងឆាប់រហ័ស នៃជំនួបចរចា៦ភាគី។
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានប្រកាសជាផ្លូវការ នូវភាពជោគជ័យរបស់ខ្លួន ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM កាលពីនៅព្រឹកថ្ងៃអង្គារ កន្លងទៅនេះ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នារសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
ទោះបីជាកូរ៉េខាងជើងអះអាងថា ជាគ្រាប់មីស៊ីលជាប្រភេទ ICBM ក្តី ក៏សហរដ្ឋអាមេរិកអះអាងថា វាគ្រាន់តែជាមីស៊ីលប្រភេទរយៈចម្ងាយមធ្យមប៉ុណ្ណោះ ដោយវាត្រូវបានបាញ់ និងហោះបានរយៈពេល ៣៧នាទី មុនធ្លាក់ចូលក្នុងសមុទ្រជប៉ុន បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បង នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន៕